(មីងក៍)៖ ក្រសួងការបរទេសបេឡារុសបានសម្តែងនូវក្តីព្រួយបារម្ភជាពន់ពេក ចំពោះការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែន របស់កូរ៉េខាងជើង ដែលជាការគំរាមកំហែងមិនមែនត្រឹមតែប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល គឺកំពុងទទួលរងនូវភាពមិនច្បាស់លាស់ ដែលច្បាប់អន្តរជាតិហាក់មិនអាចមានសម្ពាធក្នុងរារាំងទង្វើដ៏គគ្លើន របស់ប្រទេសកុម្មុយនិស្តមួយនេះបាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ក្រសួងការបរទេសបេឡារុស ដែលគ្រប់គ្នាដឹងថា ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយនឹងប្រទេសរុស្ស៊ីនោះ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បេឡារុសសូមសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើតេស្តនុយក្លេអ៊ែរ ដែលឈានទៅដល់ការបង្កើនភាពតានតឹងខ្លាំងនៅក្នុងតំបន់អាស៊ីឦសាន និងពិភពលោកទាំងមូល»។ បេឡារុស ក៏បានផ្តល់មតិយោបល់ផងដែរថា ស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េនេះ អាចកើតឡើងបានតាមផ្លូវតែមួយគត់ នោះគឺការអង្គុយចុះពិភាក្សាគ្នារកដំណោះស្រាយ។
គួរបញ្ជាក់ថា កូរ៉ខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យសម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញមតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើងលើកនេះដែរ។
បន្ថែមពីនេះកាលពីថ្ងៃចន្ទម្សិលមិញ ទីភ្នាក់ស៊ើបការណ៍សំងាត់ជាតិ (NIS) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមានលទ្ធភាពខ្ពស់ណាស់ថា កូរ៉េខាងជើងកំពុងរៀបចំ និងបាញ់សាកល្បងមីស៊ីល ICBM ឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងជើង ក្នុងពេលឆាប់ៗនេះ ខណៈយើងត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការធ្វើតេស្ដអាវុធនុយក្លេអែរកាលពីថ្ងៃអាទិត្យ របស់កូរ៉េខាងជើង គឺជាការធ្វើតេស្ដគ្រាប់បែកអេឡិចត្រូម៉ាញេទិច ឬក៏គ្រាប់បែកអ៊ីដ្រូសែន»៕