(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាលុបចោលការដាក់កំហិតក្នុងការផលិត គ្រាប់មីស៊ីលរបស់កូរ៉េខាងត្បូង ហើយដែលនេះគឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាកូរ៉េខាងត្បូង ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ជុង វ៉ាង ដេ (Cheong Wa Dae) ការព្រមព្រៀងគ្នានេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក មូន និងលោក ត្រាំ នៅថ្ងៃចន្ទនេះ។ អ្នកនាំពាក្យ ជុង វ៉ាងដេ គឺលោក ផាក ស៊ូយ៉ុន (Park Soo-hyun) បានឱ្យដឹងដូច្នេះថា៖ «លោកប្រធានាធិបតី មូន បានពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅចន្លោះពីម៉ោង១០៖៤៥នាទីយប់ ដល់ម៉ោង១១៖២៥នាទីយប់ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ដោយអ្នកទាំងពីរបានជជែកគ្នាពីវិធានការទប់ទល់នឹងកូរ៉េខាងជើង ក្រោយបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ។ បន្ថែមពីលើនេះ អ្នកទំាងពីរ ក៏បានឯកភាពគ្នាលុបចោលការដាក់កំហិតលើការផលិតមីស៊ីលផងដែរ ដើម្បីពង្រឹង សមត្ថភាពយោធាកូរ៉េខាងត្បូងប្រឈមមុខនឹងការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល ចង់ផលិតឬក៏ចង់បង្កើនចំនួនសព្វាវុធរបស់ខ្លួន ត្រូវទទួលការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន ជាមុនសិន៕