(រ៉ង់ហ្គូន)៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Yanghee Lee បានរិះគន់យ៉ាងខ្លាំងលើជ័យលាភីភាពពានរង្វាន់ ណូបែលសន្តិភាព និងជានិមិត្តរូបលិទ្ធិប្រជាធិបតេយ្យ លោកស្រីអ៊ុង សានស៊ូជី សម្រាប់ការបរាជ័យក្នុងការការពារជនជាតិដើមភាគតិចមូស្លីមរ៉ូហិនយ៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
គ្រាន់តែទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៥ភ្លាម គេគ្រប់គ្នាសុទ្ធតែរំពឹងថាលោកស្រីអ៊ុង សានស៊ូជី អាចនឹងដោះស្រាយវិបត្តិជម្លោះជាតិសាសន៍ជនជាតិដើម ភាគតិចមូស្លីមរ៉ូហិនយ៉ា ក៏ប៉ុន្តែអ្វីៗវាមិនដូចការរំពឹងទុក ហើយស្ថានភាពបែរជារឹតតែស្មុគស្មាញជាងមុនទៅទៀត។ ជុំវិញវិបត្តិនេះដែរ លោកស្រី Yanghee Lee បាននិយាយថាស្ថានភាព នៅក្នុងរដ្ឋរ៉ាកឃីន (Rakhine) គឺមានសភាពធ្ងន់ធ្ងរបំផុត ហើយវាដល់ពេលវេលាដែលលោកស្រីស៊ូជី ត្រូវចេញមុខធ្វើអន្តរាគមន៍។ ការថ្លែងបែបនេះ របស់លោកស្រី Lee ធ្វើឡើងបន្ទាប់ពី អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាជនជាតិរ៉ូហិនយ៉ា ៨៧,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសបង់ក្លាដែស ខណៈមនុស្សជិត៤០០នាក់ បានស្លាប់ ដោយសារអំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល និងកងជីវពលរ៉ូហិនយ៉ា។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ី បានស្នើឱ្យមានការបើកកិច្ចប្រជុំជាបន្ទាន់ ស្របពេលប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ចាត់ទុកថាអំពើហិង្សាប្រឆាំងនឹងរ៉ូហិនយ៉ា គឺជាអំពើ ប្រល័យពូជសាសន៍ រីឯរដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏បានព្រមានលោកស្រីស៊ូជីដែរថា ជម្លោះនេះអាចនឹងធ្វើឱ្យប្រទេសរបស់លោកស្រីខូចកិតិ្តយស។ អំពើហិង្សារវាងកម្លាំងរដ្ឋាភិបាល មីយ៉ាន់ម៉ា និងរ៉ូហិនយ៉ា បានផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំ២០១៦មកម្លេះ ហើយមកទល់ពេលកុំថាឡើយលោកស្រីស៊ូជី សូម្បីតែអង្គការសហប្រជាជាតិ ក៏ពុំទាន់អាចដោះស្រាយជម្លោះជាតិសាសន៍ រុំារ៉ៃនេះបានដែរ។