(ម៉ានីល)៖ កងទ័ពរដ្ឋាភិបាលហ្វីលីពីន ដែលកំពុងបន្តប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមបណ្តាញ ISIS នៅទីក្រុងម៉ារ៉ាវី (Marawi) ភាគខាងត្បូងប្រទេសនោះ បានជួបប្រទះការរើបំរះប្រដាប់អាវុធ ពីសំណាក់ស្រ្តី និងកុមារា ដែលទំនងជាក្រុមគ្រួសាររបស់ជនសកម្មប្រយុទ្ធ ស្របពេលកងកម្លាំងយោធាឈានដល់ដំណាក់កាលចុងក្រោយនៃភ្លើងសង្រ្គាម ដែលបានអូសបន្លាយអស់ពេលជាង ១០០ថ្ងៃហើយ បន្ទាប់ពីមានមនុស្សស្លាប់ជិត ១,០០០នាក់។ នេះបើតាមការឲ្យដឹងពីយោធាហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
កងទ័ពជើងគោកហ្វីលីពីន កំពុងត្រៀមលក្ខណៈសម្រាប់ការកើនឡើងនៃចំនួនមនុស្សស្លាប់ថែមទៀត នៅចំពោះមុខការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៅក្នុងទីក្រុង Marawi ដែលស្ថិតលើកោះមីនដាណាវ (Mindanao) ភាគខាងត្បូងប្រទេស ជាទីដែលទីលានសមរភូមិ បានរួមនៅត្រឹមតែតំបន់តូចមួយប៉ុណ្ណោះ តែពោពេញទៅដោយអ្នកចាំបាញ់ស៊ីប និងអន្ទាក់ជាច្រើនផ្សេងទៀត។
មេបញ្ជាការកងទ័ពនៃតំបន់ភាគខាងលិចកោះ Mindanao ឧត្តមសេនីយ៍ Carlito Galvez បានឲ្យដឹងថា «នាពេលនេះ យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃប្រតិបត្តិការរបស់យើង ហើយពួកយើងរំពឹងថា នឹងមានការប្រយុទ្ធគ្នាដែលតានតឹងនិងបង្ហូរឈាមជាងមុនទៅទៀត។ ទន្ទឹមនឹងនេះយើងប្រហែលជាត្រូវរងគ្រោះធ្ងន់ធ្ងរ ខណៈសត្រូវកំពុងតែខិតខំប្រឹងប្រែងប្រើប្រាស់ដង្ហើមចុងក្រោយរបស់ពួកគេ»។
ម៉្យាងវិញទៀត លោក Galvez បានបន្ថែមថា ចំនួនគ្នីគ្នារបស់ក្រុមសកម្មប្រយុទ្ធកំពុងតែថយចុះខ្លាំង ស្របពេលដែលស្រ្តី និងកុមារមួយចំនួនតូច ដែលទំនងជាសមាជិកគ្រួសាររបស់ពួកឧទ្ទាម នាពេលនេះ បានចូលរួមក្នុងសមរភូមិម្តង។ លោកឧត្តមសេនីយ៍ឯកបានថ្លែងដូច្នេះថា «កងទ័ពរបស់យើង ដែលនៅក្នុងសមរភូមិ បានឃើញស្រ្តីនិងកុមរា បើកការបាញ់ប្រហារមកលើពួកគេ ដូច្នេះមានន័យថាវាមើលទៅក្រុមឧទ្ទាម កំពុងងតែបាត់បង់អ្នកប្រយុទ្ធខ្លាំងមែនទែនហើយ»។
គួរបញ្ជាក់ថា មនុស្សច្រើនជាង ៨០០នាក់ បានបាត់បង់ជីវិត នៅក្នុងសង្រ្គាមនៃទីក្រុង Marawi ដែលភាគច្រើនគឺជាពួកឧទ្ទាម គិតចាប់តាំងតែពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ជាពេលដែលក្រុមសកម្មប្រយុទ្ធបណ្តាញ ISIS បានវាយលុកដណ្តើមកាន់កាប់ស្ទើរតែទាំងស្រុង លើទីក្រុងដែលសម្បូរទៅដោយជនជាតិមូស្លីមមួយនេះ៕