(ចិន)៖ បណ្តាមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន BRICS បានរួមគ្នាថ្កោលទោសធ្ងន់ៗ ចំពោះការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៦ របស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS ដែលបាន និងកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង សៀមិន (Xiamen) ភាគអាគ្នេយ៍ប្រទេសចិន ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាម្ចាស់ផ្ទះ និងមេដឹកនាំប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, និងអាហ្រ្វិកខាងត្បូង ក៏ដូចជាបណ្តាប្រទេសជាភ្ញៀវកិត្តិយស មួយចំនួនទៀតចូលរួមនោះបានចេញសេចក្តីថ្លែងការណ៍រួមថា «យើងមានក្តីព្រួយបារម្ភជាខ្លាំងក្រៃលែង ជុំវិញស្ថានកាណ៍ដ៏តានតឹង និងបញ្ហានុយក្លេអ៊ែរ ដែលបន្តអូសបន្លាយនៅតំបន់ឧបទ្វីបកូរ៉េ ហើយពួកយើងសង្ឃឹមថា បញ្ហាទាំងអស់នេះ នឹងត្រូវដោះស្រាយតាមរយៈមធ្យោបាយត្រជាក់ និងការចរចាគ្នាដោយផ្ទាល់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
គួរបញ្ជាក់ថា នៅមុនថ្ងៃមុននេះប្រទេសកូរ៉េខាងជើង បានធ្វើការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនមួយគ្រាប់ ដោយជោគជ័យ ដែលអាចបំពាក់ទៅលើមីស៊ីលផ្លោងឆ្លងទ្វីប ICBM បាន ហើយវាគឺជាលើកទី០៦ហើយ ដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តលើអាវុធប្រល័យលោករបស់ខ្លួនបែបនេះ៕