(សេអ៊ូល)៖ ប្រធានគណបក្សកាន់អំណាចកូរ៉េខាងត្បូង បានស្នើឱ្យសភាបញ្ជូនបេសកជនពិសេសទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីព្យាយាមដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី ០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅចំពោះមុខកិច្ចប្រជុំសភាពេញអង្គ ប្រធានគណបក្សប្រជាធិបតេយ្យ លោកស្រី ឈូ មីអ៊ែ (Choo Mi-ae) បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងមិនគួរបញ្ឈប់ ឬក៏បោះបង់ចោលកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចសន្ទនានោះឡើយ ហើយត្រូវតែប្រឆាំងជាដាច់ខាតរាល់ការប្រើប្រាស់កម្លាំងយោធា បង្កសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ លោកស្រី Choo បន្តទៀតថា រដ្ឋាភិបាលត្រូវតែធ្វើសកម្មភាព ជំរុញឱ្យមានកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងជាថ្មីឡើងវិញថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញាយ៉ាងមុតមាំ ក្នុងការការពារប្រជាជនរបស់ខ្លួនរួមទាំងសម្ព័ន្ធមិត្ត ពីការគំរាមកំហែងរបស់កូរ៉េខាងជើង តាមរយៈវិធីសាស្រ្តគ្រប់បែបយ៉ាង ដោយរាប់បញ្ចូលទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀតទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏បានសន្យាបង្កើនការធ្វើសមយុទ្ធយោធា ឱ្យកាន់តែច្រើនថែមទៀតផងដែរ៕