(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបាននិយាយថា កូរ៉េខាងជើង ទំនងជាអាចនឹងបាញ់មីស៊ីលឆ្លងទ្វីប ICBM ឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមសមាជិកសភា ទីភ្នាក់ស៊ើបការណ៍សំងាត់ជាតិ (NIS) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមានលទ្ធភាពខ្ពស់ណាស់ថា កូរ៉េខាងជើងកំពុងរៀបចំ និងបាញ់សាកល្បងមីស៊ីល ICBM ឆ្ពោះទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងជើង ក្នុងពេលឆាប់ៗនេះ ខណៈយើងត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការធ្វើតេស្ដអាវុធនុយក្លេអែរកាលពីថ្ងៃអាទិត្យ របស់កូរ៉េខាងជើង គឺជាការធ្វើតេស្ដគ្រាប់បែកអេឡិចត្រូម៉ាញេទិច ឬក៏គ្រាប់បែកអ៊ីដ្រូសែន»។
គួរបញ្ជាក់ថា កូរ៉ខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យសម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញមតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះដែរ៕