(បរទេស)៖ ដោយត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA បាញ់បង្ហោះក្នុងឆ្នាំ១៩៧៧ យានអវកាស Voyager-1 នឹងឈានចូលដល់ខួប ៤០ឆ្នាំរបស់ខ្លួន នៅទីអវកាសនាថ្ងៃអង្គារសប្តាហ៍នេះ ខណៈយានអវកាសភ្លោះរបស់វា គឺ Voyager-2 ទើបតែទទួលបានការអបអរគម្រប់ខួបដូចគ្នានេះ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ។ ខាងក្រោមគឺជារំបកគំហើញខ្លះៗ ក្នុងចំណោមការរកឃើញដ៏អស្ចារ្យជាច្រើន ដែលត្រូវបានធ្វើឡើងដោយានអវកាសភ្លោះទាំងពីរ ក្នុងអំឡុងពេល ០៤ទសវត្សរ៍ កន្លងមកនេះ៖
១៖ ភ្នំភ្លើងនៅក្រៅពីភពផែនដី៖ យានអវកាស Voyager-1 បានហោះនៅចម្ងាយ ២៧៧,៤០០គីឡូម៉ែត្រ ពីភពព្រហស្បតិ៍ (Jupiter) កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៩ ខណៈ Voyager-2 បានស្ថិតនៅចម្ងាយ ៦៥០,១៨០គីឡូម៉ែត្រពីភពនេះ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ១៩៧៩។ យានបងប្អូនទាំងពីរគ្រឿងនេះ ក៏បានថតយករូបភាព ដែលស្តែងឲ្យឃើញពីបន្ទុះនៃភ្នំភ្លើង នៅលើផ្ទៃរបស់ Io ដែលជាព្រះច័ន្ទមួយរបស់ភពព្រហស្បតិ៍។ នាពេលនោះ វាគឺជាលើកទីមួយហើយ ដែលភ្នំភ្លើងសកម្ម ត្រូវបានអង្កេតមើលឃើញ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ក្រៅពីភពរបស់យើង។ NASA បានឲ្យដឹងថា Io គឺជាវត្ថុអវកាស ដែលមានភ្នំភ្លើងច្រើនជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយភ្នំភ្លើងសកម្មរាប់រាយ នៅលើផ្ទៃរបស់វា។
២៖ មហាសមុទ្រដែលកប់នៅក្រោមផ្ទៃស្រទាប់ខាងលើ៖ យានអវកាសភ្លោះ Voyager-1-2 ថតបានរូបភាពនៃ Europa ដែលជាព្រះច័ន្ទមួយផ្សេងទៀតរបស់ Jupiter។ រូបភាពទាំងនោះ បានបង្ហាញពីស្នាមប្រះនៅលើផ្ទៃខាងលើរបស់វា ដែលពោពេញទៅដោយសារធាតុម៉្យាង ប្រៀបដូចជាទឹកកក។ នេះគឺជាតំរុយលើកដំបូងបំផុត សម្រាប់អ្នកវិទ្យាសាស្រ្ត ស្តីពីវត្តមានទឹកស្ថិតក្រោមផ្ទៃរបស់ព្រះច័ន្ទ Europa។
៣៖ កំសួលទឹកផុស៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៩ យានអវកាស Voyager-2 បានថតយករូបភាពទីមួយ របស់ព្រះច័ន្ទដ៏ធំជាងគេបំផុតរបស់ភពណិបទូន (Neptune) គឺ Triton។ រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញពីសកម្មភាពម៉្យាង ដូចជាកំសួលទឹកផុស ដែលបាញ់ចេញឧស្ម័នអាសូត (Nitrogen) និងភាគល្អិតធូលីតូចៗ ឆ្ពោះឡើងទៅកាន់បរិយាកាសរបស់ Triton រាប់គីឡូម៉ែត្រ។ ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ព្រះច័ន្ទ Triton គឺដូចទៅនឹងភពមិនពេញលក្ខណៈ (Dwaft Planet) ភ្លុយតូ (Pluto) អ៊ីចឹង ដោយវាទំនងជាពុំមានប្រភពដើមនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងឡើយ ហើយត្រូវបានស្ទាក់យកនៅក្នុងគន្លងរបស់ Neptune។
៤៖ បរិយាកាសស្រដៀងនឹងភពផែនដី៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨០ យានអវកាស Voyager-1 បានហោះកាត់ភពសៅរ៍ (Saturn) និងកត់ត្រាទុកទិន្នន័យភពនេះ រួមទាំងព្រះច័ន្ទជាច្រើនទៀតរបស់វា។ នាអំឡុងពេលនោះ Voyager-1 បានរកឃើញថា ព្រះច័ន្ទមួយក្នុងចំណោមនោះ ឈ្មោះថា Titan មានផ្ទុកបរិយាកាសដ៏ក្រាស់ ដែលផ្សំឡើងភាគច្រើនដោយឧស្ម័នអាសូត ដូចទៅនឹងបរិយាកាសរបស់ផែនដីអ៊ីចឹង ក៏ប៉ុន្តែសម្ពាធលើផ្ទៃដីរបស់វា មានកម្លាំងខ្លាំងជាងភពរបស់យើង ១.៦ដង។ យោងតាម NASA សារធាតុផ្សំគីមី នៅក្នុងបរិយាកាសរបស់ Titan ប្រហែលជាស្រដៀងខ្លាំង បើធៀបនឹងបរិយាកាស ដែលបានកើតឡើងនៅលើផែនដី មុនពេលជីវិតបានវិវឌ្ឍន៍ឡើង។
៥៖ តំបន់ទីអវកាសនៅចន្លោះប្រព័ន្ធផ្កាយ (Interstellar Space)៖ អង្គការ NASA បានឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០១២ យានអវកាស Voyager-1 ជាទីមួយ ហើយបើគិតត្រឹមពេលនេះ គឺជាយានអវកាសតែមួយគត់ ដែលបានចូលទៅដល់តំបន់ Interstellar Space ហួសចេញពីព្រំដែនប្រព័ន្ធព្រះអាទិត្យរបស់យើង។ តំបន់ Interstellar Space ត្រូវបានគេកំណត់និយមន័យឲ្យថា ជា «តំបន់នៅចន្លោះផ្កាយ» និងផុតពីលំហូរនៃសារធាតុ ក៏ដូចជាដែនម៉ាញេទិចនៃព្រះអាទិត្យ ដែលគេស្គាល់ថា Heliosphere។
គួរបញ្ជាក់ថា វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ ៤០,០០០ឆ្នាំទៀតដែរ មុនពេលយាន Voyager-1 ដែលបច្ចុប្បន្នស្ថិតនៅចម្ងាយជាង ២០ពាន់លានគីឡូម៉ែត្រពីផែនដីនោះ អាចជួបផ្កាយមួយដួងផ្សេងទៀត។ នៅពេលដែលវាបានចូលទៅដល់តំបន់ Interstellar Space យាន Voyager-1 ស្ថិតនៅចម្ងាយជាង ១៨.៥ពាន់លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ ដោយឡែក យានអវកាសភ្លោះរបស់វា Voyager-2 សព្វថ្ងៃកំពុងស្ថិតនៅចម្ងាយជិត ១៨ពាន់លានគីឡូម៉ែត្រពីផ្កាយរបស់យើង ហើយត្រូវគេរំពឹងថា នឹងឈានចូលទៅដល់ Interstellar Space នៅប៉ុន្មានឆ្នាំខាងមុខទៀត៕