(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់អះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការការពារសហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តនានា ពីការគំរាមកំហែងរបស់កូរ៉េខាងជើង តាមរយៈវិធីសាស្រ្តគ្រប់បែបយ៉ាង ដោយរាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរផងដែរ។ នេះបើតាមការឲ្យដឹងពីសេតវិមាន ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
សេតវិមានអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា «ប្រធានាធិបតី ត្រាំ បានបញ្ជាក់អះអាងជាថ្មីម្តងទៀត ពីការប្តេជ្ញាយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាការពារទឹកដី និងប្រទេសកំណើតរបស់យើង រួមទាំងសម្ព័ន្ធមិត្តនានា តាមរយៈការប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង រួមមានទាំងលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ»។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង នៅក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាង លោក ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃអាទិត្យកន្លងទៅ។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងបានប្រកាសពីជោគជ័យ នៃការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែន ដែលអាចបំពាក់ទៅលើមីស៊ីលផ្លោងអន្តរទ្វីប ICBM បាន។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញមតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះដែរ៕