ប្រទេសអេស្ប៉ាញ «ចេញមុខព្រមានការបំផ្ទុះនុយក្លេអ៊ែរដ៏គគ្លើន ដោយកូរ៉េខាងជើង» និងអះអាងថា ទំនាក់ទំនងព្យុងយ៉ាង-ម៉ាឌ្រីត នឹងប្រេះស្រាំ!
04-09-2017 11:57
(ម៉ាឌ្រីត)៖ ក្រសួងការបរទេសអេស្ប៉ាញបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយថែមទំាងព្រមានដែរថា សកម្មភាពបង្ករឿងបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអេស្ប៉ាញ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលអេស្ប៉ាញ ថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការសាកល្បងអាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង... ទង្វើបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយវាគឺជារឿងមិនអាចទទួលយកបានឡើយ សម្រាប់ពិភពលោក និងសន្តិសុខនៅក្នុងតំបន់ ខណៈគោលការណ៍មិនរីកសាយអាវុធនុយក្លេអ៊ែរ គឺជាការប្ដេជ្ញាចិត្តរបស់អេស្ប៉ាញ... ដូច្នេះយើងអំពាវនាវឱ្យកូរ៉េខាងជើង ពិនិត្យឡើងវិញនូវទង្វើរបស់ខ្លួន»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យសម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នក ជំនាញខ្លះថា អាចបាញ់ដល់ដីគោកនៃសហរដ្ឋអាមេរិក៕