(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានបើកការធ្វើសមយុទ្ធ ប្រើប្រាស់គ្រាប់ពិតចម្រុះ ឆ្លើយតបចំពោះការធ្វើតេស្តអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃមុនដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ការហ្វឹកហាត់ខាងលើនេះ មានគោលដៅដើម្បីបង្កើនសមត្ថភាពវាយប្រហារ របស់កងទ័ពកូរ៉េខាងត្បូង ទៅលើទីតាំងសាកល្បងនុយក្លេអ៊ែរ ព្យុងគ្យេរី (Pyunggye-Ri) របស់កូរ៉េខាងជើង ជាមួយការប្រើប្រាស់ប្រព័ន្ធមីស៊ីលផ្លោង Hyunmoo និងយន្តហោះចម្បាំងធុន F-15K។ យោងតាមអគ្គសេនាធិការចម្រុះ JSC របស់កូរ៉េខាងត្បូង នៅក្នុងសមយុទ្ធយោធានេះ ប្រព័ន្ធមីស៊ីល Hyunmoo-2A និងមីស៊ីលប្រដេញ SLAM-ER របស់យន្តហោះចម្បាំង F-15K បានវាយប្រហារចំគោលដៅ១០០ភាគរយ ដែលកំណត់ទុកនៅលើសមុទ្រខាងកើត (សមុទ្រជប៉ុន)។
រយៈចម្ងាយរបស់គោលដៅ ក្នុងការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូង ត្រូវបានកំណត់ដោយយោងទៅតាមទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Pyunggye-Ri របស់កូរ៉េខាងជើង ដែលនៅក្នុងខេត្តភាគឦសានប្រទេស។ គួរបញ្ជាក់ថា ទីតាំង Pyunggye-Ri ស្ថិតនៅចម្ងាយប្រមាណ ២៨០គីឡូម៉ែត្រពីទីក្រុង សុខចូ (Sokcho) នៃខេត្ត ហ្កាងវ៉ុន (Gangwon) របស់កូរ៉េខាងត្បូង ខណៈរយៈចម្ងាយវាយប្រហាររបស់ប្រព័ន្ធ Hyunmoo-2A គឺប្រហែល ៣០០គីឡូម៉ែត្រ និងមីស៊ីល SLAM-ER អាចរត់បានចម្ងាយរហូតដល់ ២៧០គីឡូម៉ែត្រ៕