(កាលីហ្វ័រញ៉ា)៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ា (California) លោក អ៊ែដម៉ុន ប្រោន (Edmund G. Brown Jr) បានប្រកាសដាក់តំបន់ Los Angeles County ក្នុងភាពប្រកាសអាសន្ន ដោយសារតែភ្លើងឆេះព្រៃ ឡា ធូណា (La Tuna fire) កំពុងវាយប្រហារលើតំបន់ភ្នំ វើឌូហ្គោ (Verdugo)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Brown បានលើកឡើងយ៉ាងដូច្នេះថា «ភ្លើងឆេះព្រៃ La Tuna fire បានចាប់ផ្ដើមឆាបឆេះក្នុងតំបន់ Los Angeles County តាំងតែពីថ្ងៃទី០១ ខែកញ្ញា មកម្ល៉េះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយវាបានឆាបឆេះយ៉ាងរហ័ស ព្រមទាំងបានបំផ្លាញព្រៃឈើរាប់រយហិចតា... ដូច្នេះខ្ញុំសម្រេចចិត្តដាក់តំបន់នេះ ក្នុងភាពប្រកាសភាពអាសន្ន»។ បន្ថែម ពីលើនេះ លោក Brown គូសបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃនេះកំពុងរីករាលដាលទៅតំបន់ក្បែរផ្លូវមួយចំនួន រីឯសីតុណ្ហភាពឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន CNN ក្រុមអ្នកពន្លត់អគ្គិភ័យ ១,០០០នាក់ បានចូលរួមតស៊ូប្រយុទ្ធជាមួយភ្លើងឆេះព្រៃ La Tuna fire ដែលបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៥,៨៩៥ហិកតា ក្នុងតំបន់ Los Angeles County។ រហូតមកទល់ពេលនេះ ពុំមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ ឬក៏រងរបួសនៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃខាងលើនេះឡើយ៕