(ម៉ូស្គូ)៖ បណ្តាមេដឹកនាំទូទាំងពិភពលោក បានបញ្ចេញប្រតិកម្មមិនពេញចិត្តជាខ្លាំង ចំពោះការធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាលពីម្សិលមិញ ខណៈល្បែងសង្រ្គាមដែលទីក្រុងព្យុងយ៉ាងកំពុងតែលេងនេះ គឺមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
បន្ទាប់ពីការបំផ្ទុះគ្រាប់នុយក្លេអ៊ែរដ៏ខ្លាំងក្លាជាងលើកមុនៗដល់ទៅ ២០ដង កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយកូរ៉េខាងជើង មេដឹកនាំប្រទេសធំៗជុំវិញពិភពលោក បានចាត់វិធានការដើម្បីធានាទំនុកចិត្ត ដល់ប្រជាជន ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនថា ទង្វើដ៏គគ្លើនរបស់ទីក្រុងព្យុងយ៉ាង ត្រូវបានថ្កោលទោសយ៉ាងធ្ងន់ៗ និងចំណាត់ការផ្សេងៗកំពុងស្ថិតក្រោមការពិចារណាហើយ។
ក្រោយពីកូរ៉េខាងជើងបានអះអាងថា ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន គឺជាជោគជ័យដ៏ល្អឥតខ្ចោះមួយនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានទាក់ទងទៅកាន់សម្ព័ន្ធមិត្តក្នុងតំបន់ជាបន្ទាន់ ស្របពេលដែលរដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោក ស្ទេវិន ម៉ានូវឈីន (Steven Mnuchin) បានជួបជុំជាមួយក្រុមការងាររបស់លោក ដើម្បីរៀបចំលម្អិតនូវផែនការដាក់ទណ្ឌកម្មហិរញ្ញវត្ថុធ្ងន់ៗបន្ថែមទៀត ដែលអាចដាក់ទៅលើប្រទេសកូរ៉េខាងជើង។
ជាមួយគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងឱកាសចូលរួមកិច្ចប្រជុំ BRICS ដោយធានាថា ប្រជាជាតិទាំងពីរ នឹងបន្តប្រកាន់ខ្ជាប់គោលដៅ នៃការលុបបំបាត់អាវុធប្រល័យលោកចេញពីឧបទ្វីបកូរ៉េ។ ដោយឡែក នៅកូរ៉េខាងត្បូងវិញ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានប្រញាប់ប្រញាល់កោះប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួនជាបន្ទាន់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក មូន ជែអ៊ីន ខណៈទីប្រឹក្សាសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន លោក ម៉ាកម៉ាស្ទើ (H.R. McMaster) បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល ២០នាទី ជាមួយសមភាគី លោក ជុង អ៊ុយយ៉ុង (Chung Eui-Yong) បន្ទាប់ពីការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រព្រឹត្តទៅបានមួយម៉ោង។
បន្ថែមពីខាងលើនេះទៀត នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅក្នុងការធ្វើអត្ថាធិប្បាយឆ្លើយតប ចំពោះការកើនឡើងនៃភាពគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង បានចាត់ទុកសកម្មភាពដ៏គគ្លើននេះថា ជារឿងពុំអាចទទួលយកបានជាដាច់ខាត។ បើតាមប្រភពនានាបានឲ្យដឹងថា គ្រាប់បែកនុយក្លេអ៊ែរប្រភេទអ៊ីដ្រូសែនរបស់កូរ៉េខាងជើងលើកនេះ អាចមានកម្លាំងរហូតដល់ ៧០គីឡូតោន ខណៈគ្រាប់បែកនុយក្លេអ៊ែរទាំង ០៥គ្រាប់ កាលពីលើកមុនមានឥទ្ធិពលចន្លោះតែពី ១០ ទៅ ៣០គីឡូតោន ប៉ុណ្ណោះ ដូច្នេះវាមានន័យយ៉ាងជាក់ច្បាស់ថា កូរ៉េខាងជើងពិតជាបានវិវឌ្ឍន៍ខ្លាំងជាងមុនគួរឲ្យខ្លាចមែន៕
http://www.thehindu.com/news/international/article19614841.ece/alternates/FREE_660/NORTHKOREA