(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតបានចេញមុខព្រមានត្រង់ៗថា នឹងប្រើប្រាស់កម្លំាងយោធាទ្រង់ទ្រាយធំជាវិធានការឆ្លើយតបទៅនឹងការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើងបន្ទាប់ពីរបបកុម្មុយនីស្ដដ៏ឯកោមួយនេះ បានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី ០៦ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ការព្រមាននេះធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាតទីស (James Mattis) ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោះប្រជុំទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាពីការធ្វើតេស្ដនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ខណៈគេជឿជាក់ថា មានឥទ្ធិពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុននៅអំឡុងសម័យសង្រ្គាមលោកលើកទី ២ ទៅទៀត។
លោក Mattis បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រាល់ការគំរាមកំហែងលើសហរដ្ឋអាមេរិក ឬរាល់ទឹកដីអាមេរិក ដូចជាកោះហ្គាំ (Guam) ឬក៏សម្ព័ន្ធមិត្តរបស់យើង នោះនឹងត្រូវប្រឈមមុខនឹងកម្លាំងយោធាទ្រង់ទ្រាយធំជាការឆ្លើយតប... ហើយយើងមិនមែនកំពុងស្វែងរកការបំផ្លាញប្រទេសណាមួយ (កូរ៉េខាងជើង) នោះទេ ក៏ប៉ុន្តែដូចខ្ញុំបាននិយាយ គឺយើងមានជំរើសជាច្រើនដែលត្រូវធ្វើដូច្នោះ»។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែនជាលើកទី០៦ នៅម៉ោងប្រមាណជា ១២៖៣៦នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភុងហ្គេរី (Punggye-ri) នៃខេត្តហាំជីយ៉ុងខាងជើង (North Hamgyeong) របស់ប្រទេសកូរ៉េខាងជើង។ ការធ្វើតេស្ដនេះទៀតសោត ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងអះអាងថា ខ្លួនផលិតបានដោយជោគជ័យក្បាលគ្រាប់បែកនុយក្លេអ៊ែរ-អ៊ីដ្រូសែន អាចបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថា អាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិកឯណោះ៕