(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យនេះបានជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់សកម្មភាពបង្ករឿង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្រកាសប្រាប់ពិភពលោកថាខ្លួនបានដឹកនាំ ការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនជាលើកទី០៦ ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់កូរ៉េខាជើង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយទីក្រុងព្យុងយ៉ាង អះអាងថាខ្លួនផលិតបានដោយជោគជ័យ ក្បាលគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន អាចបំពាក់លើ មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថា អាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិន ក៏បានជំទាស់ និងថ្កោលទោសយ៉ាង ខ្លំាងផងដែរលើកូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យសម្ព័ន្ធចាស់វង្សារបស់ខ្លួនមួយ គោរពតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្ដខាងលើធ្វើឡើងនៅម៉ោងប្រមាណជា ១២៖៣៦នាទី (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភុងហ្គេរី (Punggye-ri) នៃខេត្តហាំជីយ៉ុង ខាងជើង (North Hamgyeong) របស់កូរ៉េខាងជើង។ ដោយឡែក ជុំវិញការធ្វើតេស្ដនេះដែរ បើទោះជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញគឺលោក Kune Y. Suh ជាសាស្ត្រាចារ្យ ផ្នែកវិស្វកម្មនុយក្លេអ៊ែរមួយរូបមកពីសាកលវិទ្យាល័យ Seoul National University ជឿជាក់ថាទីក្រុងព្យុងយ៉ាង ពិតជាបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនប្រាកដមែន។ លោក Kune Y. Suh បានគូសបញ្ជាក់ដូច្នេះថា៖«ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ នៅលើកនេះ គឺមានថាមពលផ្ទុះខ្លាំងជា១០ ទៅ២០ដង បើធៀបទៅនឹងការធ្វើតេស្ដនុយក្លេអ៊ែរមុនៗរបស់ កូរ៉េខាងជើង ហើយនេះគឺជាកំរិតមួយដែលមនុស្សគ្រប់គ្នាអាចនិយាយបានថាវាជាការធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែន។