(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយថាខ្លួនបានដឹកនាំការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនជាលើកទី០៦ ដោយជោគជ័យ ហើយការថ្លែងបែបនេះធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយទីក្រុងព្យុងយ៉ាង អះអាងថាខ្លួនផលិតបានដោយជោគជ័យក្បាលគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនអាចបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថា អាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្ដខាងលើធ្វើឡើងនៅម៉ោងប្រមាណជា ១២៖៣៦នាទី (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភុងហ្គេរី (Punggye-ri) នៃខេត្តហាំជីយ៉ុង ខាងជើង (North Hamgyeong) របស់កូរ៉េខាងជើង។ ដោយឡែក ជុំវិញការធ្វើតេស្ដនេះដែរ បើទោះជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញគឺលោក Kune Y. Suh​ ជាសាស្ត្រាចារ្យ ផ្នែកវិស្វកម្មនុយក្លេអ៊ែរមួយរូបមកពីសាកលវិទ្យាល័យ Seoul National University ជឿជាក់ថាទីក្រុងព្យុងយ៉ាង ពិតជាបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនប្រាកដមែន។ លោក Kune Y. Suh បានគូសបញ្ជាក់ដូច្នេះថា៖«ការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរ នៅលើកនេះ គឺមានថាមពលផ្ទុះខ្លាំងជា១០ ទៅ២០ដង បើធៀបទៅនឹងការធ្វើតេស្ដនុយក្លេអ៊ែរមុនៗ របស់កូរ៉េខាងជើង ហើយនេះគឺជាកំរិតមួយដែលមនុស្សគ្រប់គ្នាអាចនិយាយបានថាវាជាការធ្វើតេស្ដគ្រាប់បែក​អ៊ីដ្រូសែន។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មុនការធ្វើតេស្ដ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសិក្សាអាវុធនុយ ក្លេអ៊ែរ ព្រមទំាងបានកត់សម្គាល់ថាមជ្ឈមណ្ឌមួយនេះផលិតបានដោយជោគជ័យនូវអាវុធនុយក្លេអ៊ែរ ក្នុងកម្រិតជឿនលឿនខ្ពស់បំផុត តាមការចង់បានរបស់គណបក្សពលករ។ លោក គីម ជុងអ៊ុន នាឱកាសនោះ ក៏បានលើកឡើងដែរថា៖«រាល់សមាសភាពទាំងអស់គឺត្រូវបានផលិតនៅក្នុងស្រុក ១០០ភាគរយ...ហើយចាប់ពីពេលនេះតទៅយើងនឹងមានសមត្ថភាពផលិត អាវុធនុយក្លេអ៊ែរ កាន់តែច្រើនដ៏មានឥទ្ធិពលតាមបំណងរបស់យើង ស្របពេលដែលគ្រាប់បែកអ៊ីដ្រូសែន ត្រូវបានអភិវឌ្ឍពីទម្ងន់បំផ្ទុះរាប់សិបគីឡូតោន ទៅរាប់រយគីឡូតោន»។

ខាងក្រោមនេះគឺជាឥទ្ធិពល និងកាលបិរច្ឆេកនៃការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង ទាំង០៦លើកកន្លងមកនេះ៖

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦៖ បង្កជាគ្រោះរញ្ជួយដី ៣,៩រ៉ិចទ័រ និងមានកម្លាំងផ្ទុះ០១គីឡូតោន នៅឯរូងក្រោមដីលេខ០១ នៃទីតាំងសាកល្បងនុយក្លេអ៊ែរផុងហ្គេរី Punggye-ri។
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩៖ បង្កជាគ្រោះរញ្ជួយដី ៤,៥រ៉ិចទ័រ និងមានកម្លាំងផ្ទុះ០៦គីឡូតោន នៅឯរូងក្រោមដីលេខ០២ នៃទីតាំងសាកល្បងនុយក្លេអ៊ែរផុងហ្គេរី Punggye-ri។
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣៖ បង្កជាគ្រោះរញ្ជួយដី ៤,៩រ៉ិចទ័រ និងមានកម្លាំងផ្ទុះ០៦ ឬ០៧គីឡូតោន នៅឯរូងក្រោមដីលេខ០២ នៃទីតាំងសាកល្បងនុយក្លេអ៊ែរផុងហ្គេរី Punggye-ri។
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦៖ បង្កជាគ្រោះរញ្ជួយដី ៤,៨រ៉ិចទ័រ និងមានកម្លាំងផ្ទុះ០៦គីឡូតោន នៅឯរូងក្រោមដីលេខ០២ នៃទីតាំងសាកល្បងនុយក្លេអ៊ែរផុងហ្គេរី Punggye-ri។
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦៖ បង្កជាគ្រោះរញ្ជួយដី ៥,០៤រ៉ិចទ័រ និងមានកម្លាំងផ្ទុះ១០គីឡូតោន នៅចំងាយ៤០០ម៉ែត្រ ពីរូងក្រោមដីលេខ០២ នៃទីតាំងសាកល្បងនុយក្លេអ៊ែរផុងហ្គេរី Punggye-ri។
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧៖ បង្កជាគ្រោះរញ្ជួយដី ៥,៧រ៉ិចទ័រ និងមានកម្លាំងផ្ទុះក្រោមការប៉ាន់ស្មាន៥០គីឡូតោន។