(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានទទួលស្គាល់ហើយថា ខ្លួនពិតជាបានដឹកនាំការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនជាលើកទី០៦ ដោយជោគជ័យ ដែលបង្កឱ្យមាន គ្រោះរញ្ជួយដីសម្បនិម្មិត ពីរលើក កំរិត៥.៦រ៉ិចទ័រ និង៤.៦រ៉ិចទ័រ។ ការអះអាងនេះធ្វើឡើង ក្រោយទីក្រុងព្យុងយ៉ាង អះអាងថាខ្លួនផលិតបានដោយជោគជ័យក្បាលគ្រាប់បែកនុយក្លេអ៊ែរ អ៊ីដ្រូសែនអាចបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនារសៀល ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
បើតាម យោធាកូរ៉េខាងត្បូង ការធ្វើតេស្ដខាងលើ ធ្វើឡើងនៅម៉ោងប្រមាណជា ១២៖៣៦នាទី (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភុងហ្គេរី (Punggye-ri) នៃខេត្ត ហាំជីយ៉ុង ខាងជើង (North Hamgyeong) របស់កូរ៉េខាងជើង រីឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងជប៉ុន ជឿជាក់ដែរថាកូរ៉េខាងជើងបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលសិក្សាអាវុធនុយក្លេអ៊ែរ ព្រមទំាងបាន កត់សម្គាល់ថាមជ្ឈមណ្ឌមួយនេះផលិតបានដោយជោគជ័យនូវអាវុធនុយក្លេអ៊ែរក្នុងកម្រិតជឿនលឿនខ្ពស់បំផុត តាមការចង់បានរបស់គណបក្សពលករ។ លោក គីម ជុងអ៊ុន នាឱកាស នោះដែរបានគូសបញ្ជាក់ដូច្នេះថា៖«រាល់សមាសភាពទាំងអស់គឺត្រូវបានផលិតនៅក្នុងស្រុក១០០ភាគរយ...ហើយចាប់ពីពេលនេះតទៅយើងនឹងមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ កាន់តែច្រើនដ៏មានឥទ្ធិពលតាមបំណងរបស់យើង ស្របពេលដែលគ្រាប់បែកអ៊ីដ្រូសែន ត្រូវបានអភិវឌ្ឍពីទម្ងន់បំផ្ទុះរាប់សិបគីឡូតោន ទៅរាប់រយគីឡូតោន»។
បើទោះជាកំពុងជាប់ទណ្ឌកម្ម ពីអន្តរជាតិក៏ដោយ ក៏របបដឹកនាំទីក្រុងព្យុងយ៉ាង នៅតែចចេសបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។ មួយវិញទៀត ចាប់តាំងពីឆ្នាំ២០០៦ មក កូរ៉េខាងជើងបានបំផ្ទុះក្បាលគ្រាប់ នុយក្លេអ៊ែរចំនួន០៥លើក ក្នុងនោះនៅឆ្នាំ២០០៦ ឆ្នាំ២០០៩ ,២០១៣ និងឆ្នាំ២០១៦ ចំនួនពីរលើក៕