(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បាននិយាយថាកូរ៉េខាងជើងទំនងជាបានដឹកនាំការសាកល្បងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី០៦ ដោយបង្កឱ្យមានគ្រោះរញ្ជួយដីសម្បនិម្មិត ៥.៦រ៉ិចទ័រ ខណៈគ្រោះរញ្ជួយដីលើកទី០២ មានកម្លាំង៤.៦រ៉ិចទ័រ ក៏ត្រូវបានគេរាយការណ៍ផងដែរ។ ព័ត៌មាននេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង អះអាងថាខ្លួន ផលិតបានដោយជោគជ័យក្បាលគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនដែលអាចបំពាក់លើមីស៊ីលឆ្លងទ្វីប ICBM។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិចនាព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៧។
យោងតាម យោធាកូរ៉េខាងត្បូង គ្រោះរញ្ជួយដីលើកទីមួយកំរិត៥.៦រិចទ័រ បានកើតឡើងនៅម៉ោងប្រមាណជា ១២៖៣៦នាទី (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភុងហ្គេរី (Punggye-ri) នៃខេត្ត ហាំជីយ៉ុង ខាងជើង (North Hamgyeong) របស់កូរ៉េខាងជើង ហើយគ្រោះរញ្ជួយដីលើកទី០២ ៤.៦រ៉ិចទ័រ ត្រូវបានគេរាយការណ៍នៅមុននេះបន្តិច ប៉ុន្តែពុំទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ។ ចំណែកឯការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្និដ្ឋានដែរថាកូរ៉េខាងជើង ទំនងជាបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦។