(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រូបភាពថតពីលើអាកាស ស្តែងពីលំនៅឋានជាច្រើនខ្នង កំពុងលិចលង់ក្នុងទឹកជំនន់ ក្រោយពីព្យុះកំណាចឈ្មោះថា ហាវី (Harvey) បានវាយប្រហារលើទីក្រុងហូស្តុន (Houston) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក តាំងតែពីសប្តាហ៍មុន។
២៖ ក្រុមភ្នាក់ងារជួយសង្រ្គោះ ចាប់ផ្តើមប្រតិបត្តិការយ៉ាងសកម្ម ខណៈមនុស្សលើសពី៥០០នាក់ ដោយរួមមានភ្ញៀវទេសចរបរទេសជាង១៣០នាក់ មកពីបណ្តាប្រទេសចំនួន១០ ត្រូវជាប់គាំងដោយសារគ្រោះរអិលបាក់ដី នៅតំបន់ភ្នំមួយកន្លែង នាភាគនិរតីប្រទេសរុស្ស៊ី។
៣៖ មនុស្ស០៨នាក់បាត់បង់ជីវិត ក្នុងការវាយប្រហារដោយ ជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន០៧នាក់ នៅខេត្ត Salahudin ប្រទេសអ៊ីរ៉ាក់។
៤៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ធ្វើដំណើរទៅដល់ក្រុង Xiamen ក្នុងខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូល BRICS លើក០៩ ជាមួយមេដឹកនាំប្រទេសចំនួន០៤ផ្សេងទៀត រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។
៥៖ បម្រាមរយៈពេល០១ឆ្នាំ ហាមមិនឲ្យប្រជាជនអាមេរិកទាំងអស់ ធ្វើដំណើរទៅកូរ៉េខាងជើងតទៀតទេ ចូលជាធរមានហើយ។
៦៖ ចំពោះមុខភាពគគ្លើននៃកូរ៉េខាងជើង សហរដ្ឋអាមេរិកព្រមព្រៀងលក់សព្វាវុធបន្ថែម តម្លៃខ្ទង់រាប់ពាន់លានដុល្លារ ដល់កូរ៉េខាងត្បូង។
៧៖ លេចធ្លាយព័ត៌មានថា ឥណ្ឌាលួចបញ្ជូនគ្រាប់មីស៊ីល BrahMos មកដល់វៀតណាមស្ងាត់ៗ ប៉ុន្តែទីក្រុងញូដេលីចេញមុខច្រានចោល៕