(បាងកក)៖ លោកស្រី យ៉ីងឡាក់ ជាពាណិជ្ជករ អ្នកនយោបាយ ជាសមាជិកគណបក្សភឿថៃ និងធ្លាប់ជានាយករដ្ឋមន្ត្រីទី២៨ របស់ប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១១។ លោកស្រីជានាយករដ្ឋមន្ត្រីស្ត្រីតែមួយគត់ និងក្មេងជាងគេក្នុងរយៈពេល ៦០ឆ្នាំ ចុងក្រោយនេះ។ គណបក្សរបស់លោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយរកឃើញថា លោកស្រីបំពានអំណាច និងប្រព្រឹត្តអំពើពុករលួយ។
ថ្មីៗនេះ លោកស្រីមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូល សម្រាប់ការប្រកាសសាលក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានធ្វេសប្រហែសដែលធ្វើឱ្យខាតបង់ថវិកាជាតិជាង ០៨ពាន់លានដុល្លារ ដែលអាចឱ្យលោកស្រីប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីស្ត្រីរូបនេះ៖
* នាយករដ្ឋមន្ត្រីថៃ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* រដ្ឋមន្ត្រីការពារជាតិ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* ថ្ងៃខែឆ្នំាកំណើត៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ (អាយុ៥០ឆ្នាំ)
* គណបក្សនយោបាយ៖ បក្សភឿថៃ
* ស្វាមី៖ លោក អាណុនសូន អាម៉ុនឆាត (Anusorn Amorncht) (រៀបការឆ្នាំ១៩៩៥)
* កូន៖ ម្នាក់
១៖ ជីវិតពីកុមារភាព និងមុខរបរពាណិជ្ជកម្ម
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា ជាកូនពៅក្នុងចំណោមកូនទាំង ០៩នាក់ របស់លោក ឡូត ស៊ីណាវ៉ាត្រា និងលោកស្រី យិនឌី រ៉ាមម៉ីងវ៉ុង។ ឪពុករបស់ យីងឡាក់ ជាពាណិជ្ជករ និងជាសមាជិកសភាក្នុងទីក្រុង ឈៀងម៉ៃ។ យីងឡាក់ មានជាប់សែស្រឡាយនៃអតីតព្រះរាជាឈៀងម៉ៃ តាមរយៈជីដូនខាងម្តាយរបស់លោកស្រី គឺអ្នកអង្គម្ចាស់ ចាន់ធីប ណាឈៀងម៉ៃ។
យីងឡាក់ បានធំដឹងក្តីនៅក្នុងទីក្រុងឈៀងម៉ៃ និងរៀននៅសាលា Coeli ជាសាលាឯកជនសម្រាប់តែសិស្សស្រីសម្រាប់ថ្នាក់មធ្យមសិក្សាបឋមភូមិ និងសាលា Yupparaj សម្រាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ នាងបានសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែករដ្ឋបាលសាធារណៈ និងវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យឈៀងម៉ៃ ក្នុងឆ្នាំ១៩៨៨ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ឯកទេសគ្រប់គ្រង ប្រព័ន្ធព័ត៌មាន ពីសកលវិទ្យាល័យ Kentucky State ។ ក្រោយមកនាងបានក្លាយជាប្រធានផ្នែកផលិតកម្ម និងជានាយកប្រតិបត្តិការ។
ក្នុងឆ្នាំ១៩៩៤ នាងបានក្លាយជាអ្នកគ្រប់គ្រងទូទៅរបស់ Rainbow Media ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម Broadcasting Corporation (ដែលក្រោយមកបានក្លាយជាក្រុមហ៊ុន TrueVisions) ។ ស្ត្រីរូបនេះមានភាពជោគជ័យជាខ្លាំងក្នុងរបរអាជីពរបស់ខ្លួន។ លោកស្រីមានកូនម្នាក់ឈ្មោះ Supasek បន្ទាប់ពីរៀបការជាមួយស្វាមីឈ្មោះថា Anusorn Amornchat ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន M Link Asia Corporation PCL។ ប្អូនស្រីរបស់លោក Anusorn ឈ្មោះ Yaowapa Wongsawat ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រី Wongsawat។
២៖ ការប្រឡូកក្នុងឆាកនយោបាយ
បន្ទាប់ពីគណបក្សអំណាចប្រជាជនត្រូវបានរំលាយ ចំណែកប្រធានបក្សត្រូវបានហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៨តទៅ ពេលនោះអតីតសមាជិកសភារបស់បក្សអំណាចប្រជាជន បានបង្កើតបក្ស ភឿថៃ។ ដោយពេលនោះ លោកស្រី យ៉ីងឡាក់ ត្រូវបានគេស្នើឱ្យធ្វើជាប្រធានបក្ស ប៉ុន្តែលោកស្រីបែរជាបដិសេធ ដោយបញ្ជាក់ថា លោកស្រីគ្មានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីឡើយ។
យ៉ាងនេះក្តីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ប្រភពពីស្ថានទូតបានឱ្យដឹងថា ក្នុងកិច្ចប្រជុំជាមួយលោកស្រី យ៉ីងឡាក់ បានថ្លែងដោយភាពទំនុកចិត្តអំពី «ប្រតិបត្តិការយុទ្ធសាស្ត្រ និងគោលដៅនៃបក្សភឿថៃ ដែលហាក់បង្ហាញភាពវិជ្ជមានជាងការប្រជុំលើកមុន ហើយទីបំផុតស្រ្តីរូបនេះក៏ប្រឡូកខ្លួនក្នុងគណបក្សភឿថៃ។
៣៖ ដំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤
បន្ទាប់ពីការបោះឆ្នោតសកល ការប្រជុំសភាជាលើកដំបូងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ បានសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ក្នុងនោះសមាជិកសភាចំនួន ២៩៦រូប ក្នុងចំណោម ៥០០រូប បានសម្រេចបោះឆ្នោតជ្រើសរើសលោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា ជានាយករដ្ឋមន្ត្រី ដោយឡែក ១៩៧សម្លេងអនុបវាទ និង០២សម្លេងប្រឆាំង។ លោកស្រី និងរដ្ឋមន្ត្រីរបស់លោកស្រី បានស្បថចូលកាន់ដំណែងក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១។
៤៖ ទឹកជំនន់ឆ្នាំ២០១១
ក្នុងរដូវវស្សា ឆ្នាំ២០១១ មានភ្លៀងធ្លាក់ខ្លាំងក្លាបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ទឹកជំនន់ចាប់ផ្តើមកើតឡើងនៅភាគខាងជើងថៃ នៅថ្ងៃទី៣១ ខែកក្កដា ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការតែងតាំង លោកស្រីធ្វើជានាយករដ្ឋមន្ត្រី។ យ៉ាងនេះក្តី នាយករដ្ឋមន្ត្រីរូបនេះ មិនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ដោយហេតុថា វាមិនបានជួយសម្រាលវិបត្តិនេះឡើយ ផ្ទុយទៅវិញលោកស្រីបានប្រកាសព្រមានពីគ្រោះធម្មជាតិ ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ មានអំណាចកាន់តែខ្លាំងក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់។
៥៖ បាតុកម្ម ឆ្នាំ២០១៣
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ លោកស្រី បានរំលាយសភាថៃ និងអំពាវនាវធ្វើការបោះឆ្នោតមុនពេលកំណត់ បន្ទាប់ពីប្រឈមមុខនឹងការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
៦៖ ការស៊ើបអង្កេតពីអំពើពុករលួយឆ្នាំ២០១៤
ក្នុងនាមជាប្រធានគណកម្មាធិការស្រូវអង្ករ លោកស្រី យីងឡាក់ បានប្រឈមមុខនឹងការស៊ើបអង្កេត ពីសំណាក់ភ្នាក់ងារប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេតពីតួនាទីរបស់លោកស្រី ក្នុងផែនការទិញស្រូវ បន្ទាប់ពីមានបទចោទប្រកាន់ពីអំពើពុករលួយ ទៅលើមន្ត្រីពីររូបរបស់លោកស្រី។ គណកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានធ្វើការត្រួតពិនិត្យក្នុងករណីលោកស្រី បានធ្វេសប្រហែសក្នុងកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រធានគណកម្មាធិការជាតិគោលនយោបាយអង្ករ របស់ប្រទេសថៃ។
ទោះបីលោកស្រីធ្វើជាប្រធានគណៈកម្មាធិការស្រូវអង្ករក្តី លោកស្រី យីងឡាក់ បានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងកម្មវិធីជជែកវែកញែក ប្រឆាំងនឹងរដ្ឋាភិបាលនៅឆ្នាំ២០១៣ ដែលចោទប្រកាន់លោកស្រីថា មិនដែលបានចូលរួមកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិនយោបាយស្រូវអង្ករនោះទេ។
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ តុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទ ទម្លាក់លោកស្រី យីងឡាក់ ពីដំណែង មូលហេតុដោយសារលោកស្រីបានផ្ទេរដំណែងក្រៅផ្លូវច្បាប់ ដល់មន្រ្តីសន្តិសុខជាន់ខ្ពស់ម្នាក់គឺលោក ថាវិល ផ្លេនស្រី ទៅជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកាលពីឆ្នាំ២០១១។ លោក ថាវិល ត្រូវបានដកចេញពីតំណែងនៅខែកញ្ញា ឆ្នាំ២០១១ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់មេប៉ូលិសថៃ លោក ប៉ុល ហ្គេនវីចៀន ចូលជំនួសដំណែង។
ក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ គណកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានព្រមព្រៀងជាឯកច្ឆ័នក្នុងការចោទប្រកាន់លោកស្រីថា បានប្រព្រឹត្តអំពើពុករលួយក្នុងផែនការទិញស្រូវអង្ករ ដោយបញ្ជាក់ថា មានប្រជាកសិកររាប់លាននាក់ នៅតែមិនទាន់ទទួលបានប្រាក់នៅឡើយ។
៧៖ ការវិនិច្ឆ័យទោស
បទចោទប្រកាន់ទៅលើលោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា បានចាប់ផ្តើមឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ តុលាការកំពូលគ្រោងនឹងប្រកាសសាលក្រម ប៉ុន្តែស្រាប់តែលោកស្រីមិនបានបង្ហាញខ្លួន។ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវស្ថិតក្រោមដីការចាប់ខ្លួន និងរឹបអូសយកប្រាក់ ៣០លានបាត។
ប៉ូលីសបានប្រកាសថា មានអ្នកគាំទ្រលោកស្រីប្រមាណ ៣,០០០នាក់ បានប្រមូលផ្តុំនៅជុំវិញ តុលាការក្នុងទីក្រុងបាងកក មុនពេលធ្វើសវនាការ។ សេចក្តីរាយការណ៍បានឱ្យដឹងថា លោកស្រី បានជម្លៀសខ្លួនចេញពីប្រទេសថៃ តាំងពីមុនការប្រកាសសាលក្រមមកម្ល៉េះ។ ប្រសិនបើការចោទប្រកាន់នេះក្លាយជាការពិតមែននោះ លោកស្រីត្រូវប្រឈមមុខនឹងការកាត់ទោស ១០ឆ្នាំ និងហាមឃាត់មិនឱ្យប្រឡូកក្នុងឆាកនយោបាយជារៀងរហូត។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមាជិកជាន់ខ្ពស់ក្នុងចំណោមបក្សរបស់លោកស្រី បានឱ្យដឹងថា លោកស្រីបានចាកចេញពីប្រទេស ថៃតាំងសប្តាហ៍មុន ដោយគេចទៅស្នាក់នៅទីក្រុង ឌូបៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម៕
បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា