(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បាននិយាយចំអកដាក់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា រាល់ការព្យាយាមរបស់សម្ព័ន្ធមិត្តទាំងពីរក្នុងការកំណត់ទីតាំងការចល័តយានយន្តបាញ់ មីស៊ីលរបស់ខ្លួនគឺជារឿងពិបាកជាងរាវម្ជុលក្នុងបាតសមុទ្រទៅទៀត។ ការលើកឡើងបែនេះ ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង បានដឹកនាំសមយុទ្ធយោធាពីរបៀបស្វែងរក និងកម្ទេចយាន យន្ដបាញ់មីស៊ីលកូរ៉េខាងជើង (TEL)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងក្នុងបទវិចារណកថារបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានត្រៀមអាវុធយុទ្ធសាស្ត្រ រួចជាស្រេចដើម្បីទប់ទល់នឹងការឈ្លានពាន ពីសត្រូវមកពីគ្រប់តំបន់ គ្រប់ពេលវេលា... សហរដ្ឋអាមេរិក និងជប៉ុនបានចល័តរាល់សម្ភារៈស៊ើបការណ៍របស់ពួកគេ ២៤ម៉ោង សំដៅតាមដានពួកយើង ក៏ប៉ុន្តែពួកគេបានបរាជ័យចាប់សញ្ញាណ នៃពេលវេលាបាញ់មីស៊ីល និងទីតាំងត្រូវបាញ់មីស៊ីលរបស់យើង។ ចំណែកឯអាយ៉ង (កូរ៉េខាងត្បូង) របស់សហរដ្ឋអាមេរិក ក៏ប្រឹងរកវិធីសាស្ត្រកម្ទេច TEL របស់ពួកយើងដែរ តែគ្មានប្រយោជន៍អ្វីទាំងអស់ បានត្រឹមតែស្រម៉ៃ ហើយអាយ៉ងមួយនេះនឹងមិនអាចជៀសផុតពីគ្រោះមហន្តរាយបានឡើយ ដរាបណាពួកគេនៅតែបន្តរត់តាមសហរដ្ឋអាមេរិក»។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ យោធាកូរ៉េខាងត្បូងបានដឹកនាំការធ្វើសមយុទ្ធយោធាទម្លុះចូលទឹកដីសត្រូវ និងកំណត់ទីតាំងបំផ្លាញ TEL ដែលត្រូវបានកូរ៉េខាងជើងប្រើប្រាស់ក្នុងការដឹកជញ្ជូន ក៏ដូចជាបាញ់មីស៊ីល។ សមយុទ្ធយោធានេះធ្វើឡើងនៅក្រោមក្របខណ្ឌនៃសមយុទ្ធយោធាប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Ulchi-Freedom Guardian ៕