(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ គួរតែដាក់ចេញនូវ​ក្របខណ្ឌការទូត​ដ៏ច្បាស់លាស់​មួយ សម្រាប់ឲ្យគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាចធ្វើ​ការចរចា​ស្វែងរក​ដំណោះស្រាយ ចំពោះវិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង។ នេះបើតាមការ​លើកឡើង​របស់អគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ UN ដកស្រង់ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។

ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំអង្គការ​សហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzya) បានថ្លែងថា «យើងចង់ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ UN ដាក់ចេញសេចក្តី​សម្រេចមួយ ស្តីពីកូរ៉េខាងជើង ដែលផ្តល់នូវការណែនាំ​ដ៏ច្បាស់លាស់ ពាក់ព័ន្ធនឹង​វិធីសាស្រ្តនៃការ​ដោះស្រាយវិបត្តិ នៅតំបន់​ឧបទ្វីបកូរ៉េ ហើយសេចក្តីសម្រេចនេះ​ទៀត​សោត គួរតែគ្រោង​ទុកជាមុន​នូវជំហានផ្សេងៗ ដើម្បីនាំយករាល់​ភាគីពាក់ព័ន្ធ ទៅកាន់តុចរចា»

លោក Vassily Nebenzya បានគូស​បញ្ជាក់ថា វាមិនទាន់គ្រប់គ្រាន់​នោះឡើយចំពោះ ការដែលក្រុមប្រឹក្សាសន្តិសុខ​ត្រឹមតែកត់ចំណាំនូវស្ថានការណ៍បច្ចុប្បន្ន ហើយ​​បង្ហាញពីក្តីបំណងចង់បាន​លទ្ធផលវិជ្ជមាន​ប្រកបដោយ​សន្តិភាពនោះ។ បើតាមលោក Nevenzia សេចក្តីសម្រេច​ដែលលោកចង់បាន គឺជាគម្រោង​សកម្មភាព​សំដៅឆ្ពោះទៅរកការ​សម្រេចឲ្យបាននូវរឿង​ជាក់លាក់អ្វីមួយ។

ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានធ្វើការសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មបន្ថែមទៀត ដូចដែលបានលើកឡើង​ដោយសមាជិក​ខ្លះរបស់ UNSC នោះ នឹងមិន​ជួយ​បន្ធូរ​បន្ថយភាពតានតឹង​នៃស្ថានការណ៍បច្ចុប្បន្ន​នោះឡើយ។ ផ្ទុយទៅវិញ ការដែលកូរ៉េខាងជើង បានសម្រេច​ជ្រើសរើស បាញ់មីស៊ីល​ប៉ុន្មាន​គ្រាប់ ក្រោយ​ពី​ការ​​​ដាក់ទណ្ឌកម្មថ្មីចុង​ក្រោយបំផុតកាលពី​ពេលថ្មីៗនេះ របស់ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំងទៅលើទីក្រុងព្យុងយ៉ាង បានស្តែងឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ថា វិធានការ​ទាំងនេះ​ពុំមានឥទ្ធិពល​ក៏ដូចជាសារៈប្រយោជន៍​ទៀតឡើយ៕