(វ៉ាស៊ីនតោន)៖ គោលដៅចម្បងទៅថ្ងៃអនាគត នៃផែនការយុទ្ធសាស្រ្តថ្មីរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់អាហ្វហ្គានីស្ថាន គឺដើម្បីធ្វើការក្រសោបតំបន់ជុំវិញ និងទប់ស្កាត់ឥទ្ធិពលរុស្ស៊ីដែលកំពុងតែកើនឡើង នៅក្នុងតំបន់អាស៊ីកណ្តាល និងអាស៊ីខាងត្បូង។ នេះបើតាមសម្តីរបស់ក្រុមអ្នកវិភាគ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមអ្នកវិភាគបានលើកឡើងថា លោក ដូណាល់ ត្រាំ បានប្រើប្រាស់ការប្រកាសពីយុទ្ធសាស្រ្តយោធាថ្មីនៅអាហ្វហ្គានីស្ថាន ដើម្បីជាលែសក្នុងការបន្តរក្សាវត្តមានកងទ័ពជើងគោក និងជើងអាកាសអាមេរិក នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ សម្រាប់ពេលអនាគត។ ក៏ប៉ុន្តែការឈរជើងកងទ័ពក្នុងទ្រង់ទ្រាយដ៏ធំសម្បើមបែបនេះ នៅក្នុងតំបន់យុទ្ធសាស្រ្តដ៏សំខាន់នៃទ្វីបអាស៊ី ក៏នឹងអនុញ្ញាតឲ្យកម្លាំងយោធាទាំងនេះ អាចត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការផ្សេងៗប្រឆាំងនឹងរុស្ស៊ី ឬមួយក៏ចិនផងដែរនៅថ្ងៃខាងមុខ។
នាឱកាសនោះលោក ត្រាំ មិនបានលើកឡើងសូម្បីតែមួយម៉ាត់អំពីរុស្ស៊ី ក៏ប៉ុន្តែគោលដៅយុទ្ធសាស្រ្តដ៏ចម្បង នៅពីក្រោយការប្តេជ្ញារបស់លោក ក្នុងការបន្តរក្សាវត្តមានយោធាអាមេរិក នៅអាហ្វហ្គានីស្ថាននោះ គឺដើម្បីហ៊ុមព័ទ្ធក៏ដូចជាប្រឆាំងនឹងរុស្ស៊ី។
កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសអំពីយុទ្ធសាស្រ្តអាមេរិកថ្មី សម្រាប់អាហ្វហ្គានីស្ថាន ដោយបានប្តេជ្ញាថានឹងកម្ទេចក្រុមភេរវករឲ្យអស់ទាំងស្រុង តាមរយៈការបង្កើនចំនួនទ័ពនៅអាហ្វហ្គានីស្ថាន ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា ក្នុងចំនួនប៉ុន្មានឲ្យប្រាកដឡើយ៕