(ហាណូយ)៖ ខណៈរដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវឱ្យរក្សាភាពស្ងៀមស្ងាត់ ទីក្រុងហាណូយ បែរជាសម្ដែងក្ដីព្រួយបារម្ភជាខ្លាំង ជុំវិញការធ្វើសមយុទ្ធយោធារបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែល ការមិនចុះសម្រុងគ្នាជាច្រើន កំពុងជំរុញឱ្យភាពតានតឹងរវាងភាគីទាំងពីរកាន់តែកើនឡើងដល់កំរិតមួយខ្ពស់បំផុត ក្នុងរយៈពេលបីឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
ប្រឈមមុខនឹងឥទ្ធិពលមហាយក្សអាស៊ី វៀតណាមបាន និងកំពុងព្យាយាមប្រមូលបណ្ដាប្រទេសអាស៊ាន ឱ្យមកនៅខាងខ្លួនដើម្បីប្រឆាំងនឹងចិន ព្រមទាំងបានបង្កើតសម្ព័ន្ធភាពយោធា ជាមួយជប៉ុន សហរដ្ឋអាមេរិក និងឥណ្ឌា ដែលជាសុទ្ធសឹងតែជាគូប្រជែងដណើ្ដមឥទ្ធិពល ជាមួយទីក្រុងប៉េកាំងថែមទៀត។
ដោយឡែកជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ធី ធូហាង (Thi Thu Hang) បានលើកឡើងយ៉ាងដូច្នេះថា «ទីក្រុងហាណូយ ពិតជាមានការព្រួយបារម្ភក្រៃលែង ចំពោះការធ្វើសមយុទ្ធយោធារបស់ចិន នៅឈូងសមុទ្រ តុងកឹង (Tonkin) នៅភាគខាងជើងនៃដែនសមុទ្រចិនខាងត្បូង... ដូច្នេះវៀតណាមស្នើឱ្យចិនបញ្ឈប់ជាបន្ទាន់ សកម្មភាពដដែលៗរបៀបនេះ ដែលធ្វើឱ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញ ចំណែកឯរាល់សកម្មភាពបរទេសនៅក្នុងដែនទឹកវៀតណាម ត្រូវគោរពច្បាប់អន្តរជាតិ និងច្បាប់វៀតណាម»។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈន់យីង (Hua Chunying) បានជំរុញឱ្យភាគីពាក់ព័ន្ធកុំព្រួយបារម្ភ ត្បិតសមយុទ្ធយោធារបស់ចិន គឺធ្វើឡើងតាមទម្លាប់ធម្មតាដូចសព្វដងប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀត ទីក្រុងប៉េកាំង មានសិទ្ធិដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ដែនទឹកមានបញ្ហា ពីព្រោះដែនសមុទ្រកំពុងមាន បញ្ហាគឺស្ថិតនៅក្រោមយុត្តាធិការរបស់ចិន៕