(វ៉ាស៊ីនតោន)៖ សេចក្ដីណែនំា​មិនឱ្យប្រជាជន​អាមេរិក ធ្វើដំណើរទៅកាន់​ប្រទេសកូរ៉េខាងជើង បានចូលជាធរមាន​ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក) នៅក្នុងបរិបទដែល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង កំពុងប្រើវោហាស័ព្ទគំរាមដាក់គ្នាទៅវិញ​ទៅមក ដោយសារតែ​កម្មវិធី​​នុយក្លេអ៊ែរ និងមីស៊ីល​កូរ៉េខាងជើងកំពុងរីកចំរើនខ្លាំងក្លា ជាងការរំពឹងទុកពីអន្តរជាតិ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។

ការហាមឃាត់នេះ ត្រូវបានប្រកាស​ដោយក្រសួង​ការបរទេសអាមេរិក​កាលពីខែកក្កដា បន្ទាប់ពីនិស្សិត​អាមេរិកម្នាក់ ឈ្មោះ អូតតូ វ៉មបាយឺ (Otto Warmbier) បានស្លាប់ក្រោយ​ជាប់ឃុំនៅ​កូរ៉េខាងជើង អស់រយៈពេល​ជាច្រើនខែ មុននឹងត្រូវ​បញ្ជូនត្រឡប់​មកសហរដ្ឋអាមេរិក​វិញ​នៅខែមិថុនា ក្នុងស្ថានភាព​សន្លប់​ស្ដូកស្ដឹង។ មួយវិញទៀត រាប់ចាប់​ពីថ្ងៃសុក្រ​តទៅ​ រាល់លិខិតឆ្លងដែន​ប្រជាជនអាមេរិក​ទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ឬនៅក្នុងប្រទេស​កូរ៉េខាងជើង នឹងត្រូវអស់​សុពលភាព។

ក្រសួងការ​បរទេសអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេសអាមេរិក​បានកំណត់ថា ការបង្កហានិភ័យ​ធ្ងន់ធ្ងរនៃកា​រ​ចាប់ខ្លួន ឬឃុំខ្លួនពលរដ្ឋអាមេរិក​ក្នុងរយៈពេលយូរ គឺជាគ្រោះថ្នាក់ដល់​សុវត្ថិភាពរូបរាង​កាយរបស់​ពលរដ្ឋ​អាមេរិក ដែលធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង។ ដូច្នេះការហាមឃាត់​ការធ្វើដំណើរនេះ នឹងត្រូវចូលជា​ធរមានសម្រាប់រយៈពេល​មួយឆ្នាំ រហូតដល់មាន​ការបន្តសុពលភាព ឬក៏រំលាយចោល​ដោយរដ្ឋមន្ត្រី​ការបរទេស។ ក៏ប៉ុន្តែ​អ្នកសារព័ត៌មាន សមាជិកកាក​បាទក្រហម ឬអ្នកពាក់ព័ន្ធ​នឹង​កិច្ចការមនុស្សធម៌ ឬក៏ស្ថិតនៅក្នុង​ផលប្រយោជន៍ជាតិ មិនស្ថិតក្រោមការ​ហាមឃាត់នេះ​ឡើយ»

គួរបញ្ជាក់ថា​ ប្រជាជនអាមេរិក​ដែលស្ថិតនៅកូរ៉េខាងជើង ត្រូវបានស្នើឱ្យ​ចាកចេញពី​ប្រទេសកម្មុយនីស្ដ​មួយនេះគិតត្រឹម​ថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ខណៈពលរដ្ឋអាមេរិក​បីនាក់ទៀត កំពុងជាប់ឃុំនៅ​កូរ៉េខាងជើង៕