(ហាណូយ)៖ ទីក្រុងហាណូយ និងទីក្រុងញូដេលី មិនត្រឹមតែបានឈានដល់កិច្ចព្រមព្រៀងស្តីពីការបញ្ជូនមីស៊ីលប្រដេញល្បឿនលឿន BrahMos ទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះទេ តែអាវុធនេះត្រូវបានប្រគល់ដល់ដៃវៀតណាម ជាសម្ងាត់រួចរាល់ហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ សារព័ត៌មានរដ្ឋវៀតណាម ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
នៅពេលចោទសួរអំពីការទិញមីស៊ីល BrahMos នេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឆ្លើយតបថា ការទិញបរិក្ខាយោធាការពារជាតិដោយវៀតណាមនេះ គឺស្របទៅតាមគោលនយោបាយសន្តិភាព និងស្វ័យការពារខ្លួនរបស់ប្រទេស ហើយគឺជារឿងធម្មតាមួយប៉ុណ្ណោះ ខណៈក្រសួងការបរទេសឥណ្ឌា បានច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលថា មីស៊ីល BrahMos បានទៅដល់ដៃទីក្រុងហាណូយហើយនោះថា មិនត្រឹមត្រូវនោះឡើយ។
យ៉ាងណាមិញប្រការដែលថា កិច្ចព្រមព្រៀងយោធាត្រូវបានបញ្ចប់រួចរាល់ហើយ ឬនៅនោះអាចមានជាប់ទាក់ទងនឹងបញ្ហាយុទ្ធសាស្រ្តដ៏ធំមួយ។ ទីមួយនោះគឺថា មីស៊ីលរយៈចម្ងាយខ្លីនេះ មានសមត្ថភាពវាយប្រហារដល់គោលដៅ ដែលស្ថិតនៅ ៦០០គីឡូម៉ែត្រ ជុំវិញខ្លួនវាបាន ដូច្នេះវាអាចធ្វើឲ្យទីតាំងមួយចំនួន ដែលគ្រប់គ្រងដោយចិន នៅតំបន់សមុទ្រចិនខាងត្បូង ស្ថិតនៅក្នុងរយៈចម្ងាយរបស់មីស៊ីល BrahMos ស្របពេលដែលកម្រិតនៃភាពតានតឹងរវាងទីក្រុងហាណូយនិងទីក្រុងប៉េកាំង បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីកងទ័ពចិន បានព្រមានវាយប្រហារលើទីតាំងរបស់វៀតណាម នៅសមុទ្រចិនខាងត្បូង ប្រសិនបើការរុករកប្រេងនៅទីនោះ រវាងហាណូយ និងទីក្រុងម៉ាឌ្រីតមិនត្រូវបញ្ឈប់ទេនោះ។
មួយវិញទៀត ទីក្រុងប៉េកាំង និងទីក្រុងញូដេលី ទើបតែបានបញ្ចប់ការប្រឈមមុខយោធារវាងគ្នាហើយ នៅតំបន់វិវាទព្រំដែន Doklam ដែលបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាកន្លងទៅប៉ុណ្ណោះ។ ដូច្នេះហើយ ជាមួយទំនាក់ទំនងទ្វេភាគីរវាងចិន និងឥណ្ឌា ពុំសូវជាល្អប៉ុន្មានរួចស្រេចទៅហើយនោះ ការបញ្ជូនមីស៊ីលដែលលឿនជាងគេបំផុតលើលោក ទៅឲ្យវៀតណាមអាចនឹងបង្កភាពរកាំរកូសបន្ថែមទៀត។
គួរបញ្ជាក់ថា មីស៊ីល BrahMos ត្រូវបានផលិតឡើងរួមគ្នាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងការស្រាវជ្រាវវិស័យការពាររបស់ឥណ្ឌា និងក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែតមានមូលដ្ឋាននៅរុស្ស៊ី ដែលត្រូវបានបង្កើតឡើងដោយទីក្រុងញូដេលី និងទីក្រុងម៉ូស្គូ កាលពីឆ្នាំ១៩៩៨។ មីស៊ីលរយៈចម្ងាយខ្លី ដែលមានតម្លៃចំនួន ២.៧៣លានដុល្លារក្នុងមួយគ្រាប់ និងទម្ងន់ជិត ៣,០០០គីឡូក្រាមនេះ អាចរត់ក្នុងល្បឿន ៣,៧០០គីឡូម៉ែត្រ/មួយម៉ោង និងបាញ់ចេញពីនាវា, នាវាមុជទឹក, យន្តហោះ, និងជើងទម្រចល័តនៅលើគោកបាន៕