(វ៉ាស៊ីនតោន)៖ ភាពគគ្លើនរបស់កូរ៉េខាងជើង តាមរយៈការបាញ់មីស៊ីលកាលពីសប្តាហ៍មុន និងការទាត់ចោលនូវសេចក្តីថ្លែងការណ៍ថ្កោលទោសពី UN នោះបានផ្តល់មកវិញនូវកិច្ចព្រមព្រៀងទិញដូរសព្វាវុធអាមេរិក ដល់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដែលមានតម្លៃខ្ទង់រាប់ពាន់លានដុល្លារឯណោះ។ នេះបើតាមការការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
សេតវិមានអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានធ្វើឡើង នៅអំឡុងនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ចំពោះមុខភាពតានតឹងរឹតតែខ្លាំងឡើងៗ ជាមួយនឹងប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តមីស៊ីលកាន់តែច្រើនដង និងការបាញ់មីស៊ីលរំលងប្រទេសជប៉ុន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយយ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមព្រៀងចំពោះផែនការបញ្ជាទិញអាវុធ ពីយោធាអាមេរិកក្នុងតម្លៃខ្ទង់រាប់ពាន់លានដុល្លារ ពីសំណាក់ប្រទេសកូរ៉េខាងត្បូង។ មេដឹកនាំប្រទេសសម្ព័ន្ធមិត្តទាំងពីរ ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូលើវិស័យការពារជាតិ និងការបង្កើនសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូងផងដែរ»។
គួរបញ្ជាក់ថា ពុំទាន់មានការបង្ហើបឲ្យដឹងអំពីប្រភេទនៃសព្វាវុធ ឬបរិក្ខាយោធា ដែលអាមេរិកនឹងលក់ឲ្យកូរ៉េខាងត្បូងនោះឡើយ ប៉ុន្តែវាពិតណាស់ថាបរិក្ខាទាក់ទងនឹងការការពារដែនអាកាស ពិតជារឿងចាំបាច់បំផុត ព្រោះតែសមត្ថភាពមីស៊ីលកូរ៉េខាងជើងពេលនេះ រឹតតែខ្លាំងក្លាជាងការរំពឹងទុកទៅហើយ ដែលកូរ៉េខាងត្បូងត្រូវទិញឧបករណ៍ទំនើបបំផុតពីអាមេរិក ដើម្បីទប់ទល់ឲ្យបានទាន់ពេល៕