(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងស្នើសុំកញ្ចប់ថវិកាពីសភាប្រមាណ ៥,៩ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយជាបន្ទាន់ដល់ប្រជាជន រងគ្រោះដោយសារខ្យល់ព្យុះហឺរីខិនហាវេយ (Hurricane Harvey) ដែលបានបំផ្លាញរដ្ឋតិចសាស់ (Texas) និងផ្នែកខ្លះនៃរដ្ឋល្វីស្យ៉ាណា (Louisiana)។ នេះបើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន ដកស្រង់ដោយសារព័ត៌មាន Bostonglobe នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអាមេរិកមនុស្សយ៉ាងតិចចំនួន ៤៦នាក់បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិនហាវេយ (Hurricane Harvey) បានវាយប្រហារ និងធ្វើឲ្យលិចលង់តំបន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ ព្យុះដែលបានវាយប្រហារយ៉ាងដំណំទៅលើទីក្រុង ហួស្តុន (Houston) រដ្ឋតិចសាស់នេះ ត្រូវគេព្យាករណ៍ថា នឹងក្លាយគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក និងកំពុងបង្កបញ្ហាប្រឈមយ៉ាងធំធេង ទាំងផ្នែកជំនួយមនុស្សធម៌ និងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដល់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់ពីវាបានមកដល់ក្បែរតំបន់ រ៉ក់ផត (Rockport) នៃរដ្ឋតិចសាស់ នៅលើឈូងសមុទ្រម៉ិចស៊ីកូកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ព្យុះ Harvey ត្រូវបានរំពឹងថា នឹងបន្តឆ្ពោះទៅភាគឦសាន ដោយឆ្លងកាត់តាមរដ្ឋល្វីសាណា (Louisina) ទៅកាន់រដ្ឋមីស៊ីស៊ីពពី (Mississippi) ថែមទៀត។ បន្ថែមពីនេះកាលពីដើមសប្តាហ៍លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់រងគ្រោះផងដែរ និងបានប្រកាសត្រៀមជំនួយពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញ ខណៈក្រុមជំនាញអះអាងថា វានឹងត្រូវប្រើពេលរាប់ឆ្នាំឯណោះ ក្នុងការស្តារអ្វីៗឲ្យដូចដើមបាន៕