(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B ចំនួន ០២គ្រឿង រួមទាំងយន្ដហោះប្រដេញ F-35B ០៤គ្រឿង ទៅហោះឆ្វែលពីលើឧបទ្វីបកូរ៉េជាសារ ព្រមានផ្ញើជូនទីក្រុងព្យុងយ៉ាង សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម Hwasong-12 ហោះរំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង កងយន្ដហោះទម្លាក់គ្រាប់បែក B-1B និងយន្ដហោះ F-35B បានដឹកនាំការធ្វើសមយុទ្ធយោធាហោះហើររួមគ្នា ជាមួយកងទ័ពកូរ៉េខាងត្បូង ក៏ដូចជាបណ្ដោះ បណ្ដាលពីរបៀបទម្លាក់គ្រាប់បែកលើគោលដៅសត្រូវ នៅឯទីលានហ្វឹកហាត់ ភីលសឿង (Pilseung) នៃខេត្ត កាងវ៉ុន (Gangwon)។ យោធាកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា យន្ដហោះ B-1B មកពីមូលដ្ឋាន ទ័ពអាមេរិកនៅលើកោះហ្គាំ រីឯយន្ដហោះ F-35B មកពីមូលដ្ឋានទ័ពជើងទឹកអាមេរិកក្នុងប្រទេសជប៉ុន។
គួរបញ្ជាក់ថា បើតាមយ៉ុនហាប់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនឹងបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំប្រចាំឆ្នាំ តាមការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍នេះ។ សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះ Ulchi Freedom Guardian (UFG) បានចាប់ផ្ដើមតាំងតែពីថ្ងៃទី២១ ខែសីហា ដោយមានការចូលរួមពីកងទ័ពអាមេរិក ១៧,៥០០នាក់ និងកូរ៉េខាងត្បូងច្រើនជាង ៥០,០០០នាក់ រួមទាំង ៣,០០០នាក់ ផ្សេងទៀតមកពីមូលដ្ឋានទ័ពបរទេស។ ចំណែកឯបណ្ដារដ្ឋចំនួន ០៧ មានដូចជា អូស្ត្រាលី កាណាដា កូឡុំប៊ី ដាណឺម៉ាក នូវែលសេឡង់ ហូឡង់ និងអង់គ្លេស ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធានេះដែរ៕