(ម៉ូស្គូ)៖ មន្រ្តីជាន់ខ្ពស់រុស្ស៊ីម្នាក់បានអំពាវនាវឲ្យទីក្រុងម៉ូស្គូ ចេញចំណាត់ការឆ្លើយតបដ៏សាកសមជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចបញ្ជាឲ្យបិទអគ្គស្ថានកុងស៊ុលរុស្ស៊ីប្រចាំនៅ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក ខុនស្ទេនទីណ កូសាចូវ (Konstantin Kosachov) ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេស នៃសភាជាន់ខ្ពស់រុស្ស៊ីបានលើកឡើងថា «នៅក្នុងករណីនៃបញ្ហាការទូតនេះ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើយ៉ាងណាឲ្យមានភាពស៊ីមេទ្រីស្មើគ្នា។ ប្រសិនបើបុគ្គលិកនៃអគ្គស្ថានកុងស៊ុលរបស់យើង នៅទីក្រុង San Francisco ត្រូវតែវិលត្រឡប់មកផ្ទះវិញនោះ បុគ្គលិកការទូតអាមេរិកនៅទីនេះ ក៏ត្រូវបង្គាប់ឲ្យចាកចេញពីរុស្ស៊ីនៅក្នុងចំនួនស្មើគ្នា ដោយមិនលើស និងមិនខ្វះឡើយ»។
កាលពីម្សិលមិញនេះ សហរដ្ឋអាមេរិកក្រោមការបញ្ជាផ្ទាល់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានទាមទារឲ្យរុស្ស៊ីបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុង San Francisco ក្រោមបរិបទនៃការសងសឹកប្រឆាំងនឹង សំណើទាមទារដូចគ្នារបស់ទីក្រុងម៉ូស្គូ ដែលថាបុគ្គលិកការទូតអាមេរិក នៅរុស្ស៊ីត្រូវតែកាត់បន្ថយជាង ៧០០នាក់ ឲ្យបានត្រឹមថ្ងៃទី០១ ខែកញ្ញានេះ។ ម៉្យាងវិញទៀត ទីក្រុងវ៉ាស៊ីនតោន ក៏បានបង្គាប់ឲ្យរុស្ស៊ី បិទអគារឧបសម្ព័ន្ធចំនួន ០២កន្លែងផ្សេងទៀត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងញូយ៉កផងដែរ ដោយកំណត់ថាការទាមទារទាំងអស់នេះ នឹងត្រូវអនុវត្តន៍តាមឲ្យបាន នៅត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា សកម្មភាពសងសឹកដាក់គ្នាទៅវិញទៅមក តាមផ្នែកការទូតនេះរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន កាលពីថ្ងៃកក្កដាកន្លងទៅ បានស្នើឲ្យសហរដ្ឋអាមេរិក កាត់បន្ថយបុគ្គលិកការទូត ដែលធ្វើប្រតិបត្តិការនៅរុស្ស៊ីក្នុងចំនួន ៧៥៥នាក់ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មអាមេរិក ប្រឆាំងមកលើទីក្រុងម៉ូស្គូ ជុំវិញការចោទប្រកាន់ដែលថា រុស្ស៊ីបានលូកដៃចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕