(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃសប្តាហ៍ក្រោយនេះ ដើម្បីបើកកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការឲ្យដឹងពីការិយាល័យរបស់ លោក មូន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមសេចក្តីជូនដំណឹងរបស់វិមាន Blue House លោក មូន ជែអ៊ីន នឹងទៅបំពេញទស្សនកិច្ចនៅឯទីក្រុង វ្ល៉ាឌីវ៉ូស្តូក (Vladivostok) ភាគខាងកើតរុស្ស៊ី ចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចតំបន់ភាគខាងកើត EEF និងជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីរុស្ស៊ី ដោយនៅថ្ងៃទី០១ នៃដំណើរទស្សនកិច្ច លោក មូន នឹងបើកកិច្ចប្រជុំកំពូលជាមួយ លោក ពូទីន ហើយធ្វើសន្និសីទកាសែតរួមមួយ ខណៈនៅថ្ងៃចុងក្រោយលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងឡើងថ្លែងសុន្ទរកថានៅឯវេទិកា EEF ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ដែរថា EEF គឺជាវេទិកាពិភាក្សាថ្នាក់តំបន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាងមេដឹកនាំនយោបាយ ក៏ដូចជាអាជីវកម្មមកពីរុស្ស៊ី រួមទាំងបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះ អ្នកវិភាគក៏រំពឹងដែរថា បញ្ហាកូរ៉េខាងជើងដែលជាប្រទេសសម្ព័ន្ធមិត្ត និងជាប់ព្រំដែនជាមួយរុស្ស៊ីដែរនោះ នឹងក្លាយជាប្រធានបទពិភាក្សាគ្នា ខណៈដែលទីក្រុងសេអ៊ូលចង់ឲ្យរុស្ស៊ីធ្វើដូចប្រទេសចិន ក្នុងការកៀបសង្កត់កូរ៉េខាងជើង ឲ្យគោរពតាមច្បាប់អន្តរជាតិ៕