(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកជាង ៦៧,០០០នាក់ បានរួមគ្នាចុះហត្ថលេខាលើញត្តិមួយ ដើម្បីស្នើទៅកាន់សេតវិមានឲ្យប្រកាសចាត់ទុកមហាសេដ្ឋីពាន់លានអាមេរិក-ហុងគ្រី លោក George Soros ជាភេរវករក្នុងស្រុក ដោយសារតែសកម្មភាពបះបោររបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០១៧។
ញត្តិខាងលើបានលើកឡើងថា «ក្រសួងយុត្តិធម៌អាមេរិក គួរតែប្រកាសចាត់ទុក លោក ចច សូរ៉ូស (George Soros) រួមទាំងក្រុមហ៊ុនក៏ដូចជាបុគ្គលិកទាំងអស់ របស់លោក ជាក្រុមភេរវករភ្លាមៗទៅ ហើយធ្វើការរឹបអូសយកទ្រព្យសម្បត្តិផ្សេងៗទៀត» ដោយចោទប្រកាន់ លោក Soros ថា បានប៉ុនប៉ងបង្កអស្ថិរភាព និងប្រព្រឹត្តអំពើបះបោរប្រឆាំងនឹងប្រទេស ក៏ដូចជាពលរដ្ឋអាមេរិក រួមមានការបង្កើត និងឧបត្ថម្ភដល់អង្គការ ដែលព្យាយាមជំរុញឲ្យមានការដួលរលំប្រព័ន្ធរដ្ឋាភិបាលធម្មនុញ្ញ។
គួរបញ្ជាក់ថា គិតតាំងពីថ្ងៃទី២០ ខែសីហា មកទល់យប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ឯកសារខាងលើត្រូវបានចុះហត្ថលេខាដោយមនុស្សសរុប ៦៧,១៥៤នាក់ និងត្រូវការហត្ថលេខាចំនួន ៣២,៨៤៦ទៀត ឲ្យបាននៅត្រឹមថ្ងៃទី១៩ ខែកញ្ញា ដើម្បីអាចទទួលបានការឆ្លើយតប ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕