(អាមេរិក)៖ មនុស្សយ៉ាងតិចចំនួន ៤៦នាក់បានស្លាប់ បន្ទាប់ពីព្យុះហឺរីខិនហាវេយ (Hurricane Harvey) បានវាយប្រហារ និងធ្វើឲ្យលិចលង់តំបន់ភាគអាគ្នេយ៍រដ្ឋតិចសាស់ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BuzzFeed នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ព្យុះដែលបានវាយប្រហារយ៉ាងដំណំទៅលើទីក្រុង ហួស្តុន (Houston) រដ្ឋតិចសាស់នេះ ត្រូវគេព្យាករណ៍ថា នឹងក្លាយគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក និងកំពុងបង្កបញ្ហាប្រឈមយ៉ាងធំធេង ទាំងផ្នែកជំនួយមនុស្សធម៌ និងការស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដល់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ បន្ទាប់ពីវាបានមកដល់ក្បែរតំបន់ រ៉ក់ផត (Rockport) នៃរដ្ឋតិចសាស់ នៅលើឈូងសមុទ្រម៉ិចស៊ីកូកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ព្យុះ Harvey ត្រូវបានរំពឹងថា នឹងបន្តឆ្ពោះទៅភាគឦសាន ដោយឆ្លងកាត់តាមរដ្ឋល្វីសាណា (Louisina) ទៅកាន់រដ្ឋមីស៊ីស៊ីពពី (Mississippi) ថែមទៀត។ បន្ថែមពីនេះ កាលពីដើមសប្តាហ៍លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ ក៏បានទៅបំពេញទស្សនកិច្ចនៅតំបន់រងគ្រោះផងដែរ និងបានប្រកាសត្រៀមជំនួយពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញ ខណៈក្រុមជំនាញអះអាងថា វានឹងត្រូវប្រើពេលរាប់ឆ្នាំឯណោះ ក្នុងការស្តារអ្វីៗឲ្យដូចដើមបាន៕