(ហូជីមិញ)៖ ក្នុងរយៈពេលចន្លោះខែមករាដល់ខែសីហា ឆ្នាំ២០១៧នេះ វៀតណាមបានជួបប្រទះការពុលចំណីអាហារចំនួន ៧៧ករណី ដែលបានបង្កឲ្យមនុស្សចំនួន ២,២១៤នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ និងផ្តាច់ជីវិត ១៧នាក់ផ្សេងទៀត ស្របពេលដែលប្រជាជាតិអាស៊ានមួយនេះ កំពុងតែប្រឈមមុខនឹងបញ្ហាម្ហូបអាហារ មានផ្ទុកសារធាតុគីមីដ៏ច្រើនលើសលប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ស្របពេលដែលខ្លួនបាន និងកំពុងចំណាយប្រាក់យ៉ាងច្រើនលើការនាំចូលបន្លែ ក៏ដូចជាផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់ពីបរទេសជាពិសេសចិន និងថៃដោយសារតែប្រជាពលរដ្ឋចាប់ផ្តើមបាត់បង់ទំនុកចិត្ត លើផលិតផលបន្លែ-ផ្លែឈើក៏ដូចជាសាច់ នៅក្នុងប្រទេសរបស់ខ្លួន ព្រោះតែការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ក្នុងកម្រិតដ៏ច្រើនលើសលប់ រហូតអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគនោះ វៀតណាមក៏បានចាប់ផ្តើមរៀបចំផែនការសំដៅធ្វើយ៉ាងណាធានាការផ្គត់ផ្គង់នៃបន្លែ និងសាច់នៅក្នុងស្រុកដែលមានសុវត្ថិភាពសម្រាប់ប្រជាជនរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រទេសវៀតណាមកាន់តែចំណាយលុយច្រើនឡើងៗបន្ថែមទៀត ពោលគឺដល់ទៅចំនួនប្រហែល ១៦៤លានដុល្លារអាមេរិក ទៅលើបន្លែ និងផ្លែឈើដែលធ្វើការនាំចូលពីក្រៅប្រទេសនៅក្នុងរយៈពេលតែពីរខែដំបូងនៃឆ្នាំ២០១៧នេះប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងដល់ទៅ ៥៥ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០១៦។ គេសង្កេតឃើញថា ប្រជាជនវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានទំនោរទៅរកបន្លែ-ផ្លែឈើដែលនាំចូលពីបរទេស ជាពិសេសចិន និងថៃតែម្តងជាជាងការទិញផលិតក្នុងស្រុករបស់ខ្លួនពីព្រោះតែបញ្ហានៃការប្រើប្រាស់ថ្នាំគីមី ច្រើនលើសលប់ហួសកំណត់ ដោយហេតុតែចង់បានផលចំណេញច្រើន រហូតភ្លេចគិតគូរពីផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕