(អ៊ីរ៉ាក់)៖ ក្រោយទទួលបានជោគជ័យ និងបណ្តេញក្រុម ISIS ចេញពីទីក្រុងម៉ូស៊ុល នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់នោះ ក្រុមជនជាតិឃើដដែលត្រូវបានគេដឹងថា ជាប្រជាជនមានចំនួនភាគច្រើននៅតំបន់នេះ បានបង្ហាញក្តីសង្ឃឹមកាន់តែធំឡើង ក្នុងការទាមទារឯករាជ្យពីប្រទេសអ៊ីរ៉ាក់ តាមរយៈការបោះឆ្នោតធ្វើប្រជាមតិប្រកបដោយទឹកចិត្តមុតមាំបំផុត ប៉ុន្តែក្រោយពីទទួលបានស្នើសុំពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ាក់ ព្រមទាំងអាមេរិក និងបណ្តាអង្គការអន្តរជាតិធំៗនោះ ប្រធានាធិបតីថ្នាក់តំបន់ឃើដ-អ៊ីរ៉ាក់ ម៉ាសសួដ បាហ្សានី (Massoud Barzani) បានសម្រេចចិត្តថា លោកអាចពន្យាពេលការបោះឆ្នោតប្រជាមតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះបាន លុះត្រាណាតែមានការធានាគោរពពាក្យសន្យា ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ការសម្រេចចិត្តរបស់ លោក Massoud ខាងលើនេះ ក៏ព្រោះតែអន្តរជាតិបានធ្វើការស្នើសុំ ឲ្យថ្នាក់ដឹកនាំឃើដ និងប្រជាជនពួកគេយល់ព្រមពន្យាពេលនៃ គំរោងបោះឆ្នោតប្រជាមតិនៅថ្ងៃទី២៥ ខែកញ្ញា នោះដើម្បីរក្សាតុល្យភាពក្នុងតំបន់ ខណៈដែលប្រទេសតួកគីកំពុងបង្ហាញជំហរជំទាស់ដាច់ខាត ព្រោះតែគោលជំហរទីក្រុងអង់ការ៉ា តែងតែប្រឆាំងនឹងជនជាតិឃើដកន្លងមក។ ទោះបីជាបែបនេះ កិច្ចចរចានៅតែកំពុងធ្វើឡើងដដែល នៅតំបន់ធ្លាប់ជាទីវាលធ្វើសង្គ្រាមដ៏ក្តៅគគុកមួយនេះ ហើយការរៀបចំប្រជាមតិទៅថ្ងៃអនាគត (អាចនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨) នឹងត្រូវអនុវត្តន៍ ប្រសិនបើអន្តរជាតិ ព្រមទទួលតាមសំណើមួយរបស់ឃើដ នោះគឺអន្តរជាតិត្រូវតែទទួលយកលទ្ធផលប្រជាមតិ ដែលត្រូវពន្យាពេលទៅថ្ងៃអនាគតនោះ។
លោក Massoud បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយកាសែតក្នុងតំបន់ Arshaq al-Awsat យ៉ាងដូច្នេះថា «ការធានាទាំងឡាយ គួរតែត្រូុវធ្វើឡើងដោយពីសំណាក់រដ្ឋាភិបាល និងសភាជាតិរបស់ប្រទេសអ៊ីរ៉ាក់។ បន្ថែមពីនេះ ក៏ត្រូវមានធានាពីសហរដ្ឋអាមេរិក និងអង្គការអន្តរជាតិនានា ជាពិសេសនោះគឺ អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបផងដែរ»។ តំបន់ដែលឃើដគ្រប់គ្រងនៅភាគខាងជើងអ៊ីរ៉ាក់នេះ ពិតជាមានសក្កដានុពលខ្លាំងខាងវិស័យថាមពល ព្រោះជាទីតាំងផលិតប្រេងធំមួយលើពិភពលោកចំនួន ១៦០,០០០បារ៉ែល ក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថា កងកម្លាំងឃើដកំពុងគ្រប់គ្រងតំបន់នៅជុំវិញទីក្រុងម៉ូស៊ូល ដែលសម្បូរទៅដោយប្រជាជនចំរុះជាតិសាសន៍ និងអ្នកកាន់និកាយខុសៗគ្នាជាច្រើន ក្នុងនោះមានដូចជា អារ៉ាប់, តួក, ឃើដ, យ៉ាហ្ស៊ីឌី, គ្រីស្ដ, ស៊ុននី និងស៊ីអ៊ីតជាដើម។ ដូច្នេះការធ្វើប្រហែស ឬការប្រព្រឹត្តកំហុសឆ្គងណាមួយ អាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើង។ កាលពីថ្ងៃចន្ទសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ បាឌី (Haider al-Abadi) និងថ្នាក់ដឹកនាំអ៊ីរ៉ាក់ជាច្រើននាក់ បានធ្វើដំណើរទៅកាន់ទីក្រុង អ៊ែប្រ៊ីល (Erbil) ជារដ្ឋធានីរបស់ឃើដ ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ហើយប្រធានបទសំខាន់នៃកិច្ចសន្ទនារវាងភាគីទាំងពីរ នោះគឺគំរោងរៀបចំការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ។
ដោយឡែកនៅក្នុងជំនួបនោះដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ ឃើដ លោក ម៉ាឡា បាខាធា (Mala Bakhtiar) បាននិយាយត្រង់ៗថា អ៊ីរ៉ាក់ បានផ្ដល់ហិរញ្ញវត្ថុ និងសម្បទាននយោបាយ ជាថ្នូរនឹងកិច្ចព្រមព្រៀងពន្យាពេលការបោះឆ្នោតប្រជាមតិ ក៏ប៉ុន្តែឃើដមិនចង់ពន្យាពេលគំរោងនេះ ដោយគ្មានការកំណត់កាលបរិច្ឆេទថ្មីឡើយ។ ចំណែកឯអ្នកចរចាឃើដ លោក អាប៊ឌុលឡាហ៍ អាល់ ហ្សេឌី (Abdullah al-Zaidi) ក៏បញ្ជាក់កាលពីពេលនោះដែរថា ឃើដចង់បានការធានាមួយចំពោះបញ្ហានេះ៕