(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាតទីស (James Mattis) ទីបំផុតបានចេញបញ្ជាឲ្យធ្វើការបញ្ជូនកម្លាំងទ័ពបន្ថែមទៀត ទៅកាន់អាហ្វហ្គានីស្ថាន បន្ទាប់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការយុទ្ធសាស្រ្តថ្មីសម្រាប់ប្រទេសនេះ កាលពីដើមសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯមន្ទីរបញ្ចកោណ លោក Mattis បានបញ្ជាក់ថា លោកនឹងមិនទាន់លាតត្រដាងឲ្យដឹងពីព័ត៌មានលម្អិតនោះឡើយ រហូតទាល់តែដល់ពេលរូបលោកឡើងបកស្រាយ នៅចំពោះមុខសភាអាមេរិកនាសប្តាហ៍ក្រោយ។ ក៏ប៉ុន្តែលោក James Mattis បានឲ្យដឹងថា កងកម្លាំងយោធាបន្ថែមនេះ នឹងរួមមានទាំងទីប្រឹក្សា និងជំនួយការបច្ចេកទេសផងដែរ ដែលប្រការនេះនឹងជួយជ្រោមជ្រែង ឲ្យកងទ័ពអាហ្វហ្គានីស្ថាន ធ្វើការប្រយុទ្ធប្រកបដោយប្រសិទ្ធភាពជាងមុន។
គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីផែនការយុទ្ធសាស្រ្តថ្មី សម្រាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទសប្តាហ៍មុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កងទ័ពប្រហែល ៤,០០០នាក់ នឹងត្រូវបញ្ជូនទៅកាន់អាហ្វហ្គានីស្ថាន ខណៈអ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់ថា សព្វថ្ងៃកម្លាំងយោធាអាមេរិកចំនួន ១១,០០០នាក់ កំពុងឈរជើងក៏ដូចជា ធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
សម្រាប់គំរោងថ្មីរបស់ លោក ត្រាំ ខាងលើនេះ ក៏បានទទួលពាក្យរិះគន់យ៉ាងច្រើនមកហើយដែរ ពីសំណាក់បណ្តាប្រទេសដែលមានទំនាក់ទំនងមិនល្អជាមួយអាមេរិក ដោយពួកគេបានអះអាងថា ទង្វើនេះមិនមែនជាគោលដៅក្នុងការបញ្ចប់សង្គ្រាម នៅអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែវាជាការបញ្ឆេះសង្គ្រាមឲ្យខ្លាំងជាងមុនរវាងរដ្ឋាភិបាលកាប៊ុល និងក្រុមតាលីបង់ ហើយអាមេរិកនឹងយកលែសនេះ បន្តសកម្មភាពពង្រីកឥទ្ធិពលរបស់ខ្លួននៅប្រទេសតំបន់អាស៊ីខាងត្បូងនេះថែមទៀត៕