(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានទាត់ចោលសេចក្តីថ្លែងការណ៍របស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដែលបានថ្កោលទោសមកលើការធ្វើតេស្តបាញ់មីស៊ីលលើកចុងក្រោយបំផុតរបស់ខ្លួន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានសម្រេចទាត់ចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ UNSC ដោយនិយាយថា «យើងបានព្រមានសហរដ្ឋអាមេរិករួចមកហើយថា ពួកយើងនឹងតាមឃ្លាំមើលដោយមិនដាក់ភ្នែកឡើយ ចំពោះសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន។ ការធ្វើតេស្តបាញ់មីស៊ីលរយៈចម្ងាយមធ្យមរបស់យើង ដែលធ្វើឡើងដោយកងកម្លាំងយុទ្ធសាស្រ្តរបស់កូរ៉េខាងជើង នាលើកនេះ គឺគ្រាន់តែជាវិធានការតបតប្រឆាំងទៅវិញប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានឆ្លើយតបនឹងសារព្រមានរបស់យើង តាមរយៈការធ្វើសមយុទ្ធយោធាត្រៀមឈ្លានពាន Ulji Freedom Guardian ជាមួយកូរ៉េខាងត្បូង»។
អ្នកនាំពាក្យរូបនេះបានបន្តថា «តាមរយៈការធ្វើសមយុទ្ធដ៏ទើសភ្នែកនេះ សហរដ្ឋអាមេរិកបានច្រានចោលចេតនាល្អរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបន្ធូរបន្ថយភាពតានតឹងដ៏ក្តៅគគុកនៅឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា នាថ្ងៃអង្គារសប្តាហ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមប្រភេទ Hwasong-12 ចំនួន ០១គ្រាប់ ចេញពីរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅភាគឦសាន ដោយហោះរំលងពីលើភាគខាងជើងប្រទេសជប៉ុន ជាមួយចម្ងាយធ្វើដំណើរជាង ២,៧០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៥៥០គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងភាគពាយ័ព្យមហាសាគរប៉ាស៊ីហ្វិក។
ជុំវិញរឿងនេះក្រុមប្រឹក្សាសន្តិសុខ UN បានបង្ហាញពីក្តីប្រារម្ភយ៉ាងខ្លាំងក្រៃលែងរបស់ខ្លួន ហើយថ្កោលទោសទង្វើនេះថា ជាការបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់ឧបទ្វីបកូរ៉េដោយចេតនា និងបង្កបញ្ហាសន្តិសុខធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។ ម៉្យាងវិញទៀត UNSC ក៏បានទាមទារឲ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលផ្លោងតទៀត ហើយងាកទៅគោរពតាមសេចក្តីសម្រេចទាំងប៉ុន្មាន ដែលត្រូវបានដាក់ចេញដោយ UNSC ផងដែរ៕