(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងទាមទារឲ្យប្រទេសរុស្ស៊ី បិទប្រតិបត្តិការ ស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រួមទាំងអគារឧបសម្ព័ន្ធចំនួន០២កន្លែងទៀត ដែលស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីក្រុងម៉ូស្គូ កាលពីខែកក្កដាកន្លងទៅ បានបង្ខំឲ្យសហរដ្ឋអាមេរិក កាត់បន្ថយចំនួនបុគ្គលិកការទូតរបស់ខ្លួនចំនួនរាប់រយនាក់ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី នៅត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈចំណាត់ការវាយបករបស់ទីក្រុងវ៉ាស៊ីនតោន បានតម្រូវឲ្យភាគីរុស្ស៊ីអនុវត្តន៍តាម ឲ្យបានចប់សព្វគ្រប់រួចរាល់នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ ពោលគឺថ្ងៃសៅរ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចបណ្តេញបុគ្គលិកការទូតអាមេរិកជាង៧០០នាក់ ចេញពីទឹកដីប្រទេសរុស្ស៊ី កាលពីខែមុននោះ ដើម្បីឆ្លើយតបចំពោះការដាក់ទណ្ឌកម្មបន្ថែមពីសហរដ្ឋអាមេរិក ប្រឆាំងទៅលើទីក្រុងម៉ូស្គូ និងជាការសងសឹក ចំពោះការដែលរដ្ឋបាលអតីតមេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន៣៥នាក់ យ៉ាងតក់ក្រហល់ចេញពីអាមេរិកកាលពីចុងឆ្នាំ២០១៦៕