(បាដាដ)៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក ហៃដឺ អាបាឌី (Haider Abadi) នាថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ទីក្រុងតាល់អាហ្វារ (Tal Afar) និងដែនដីទាំងមូលនៃខេត្ត នីនេវ៉ា (Nineveh) ត្រូវបានរំដោះទាំងស្រុងចេញពីកណ្តាប់ដៃក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់ បណ្តាញស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ាក់ លោក Haider Abadi បានបញ្ជាក់ថា ក្រុង Tal Afar ជាទីក្រុងយុទ្ធសាស្រ្តដ៏សំខាន់មួយ ស្ថិតនៅភាគពាយ័ព្យប្រទេសអ៊ីរ៉ាក់ក្បែរព្រំដែនជាមួយស៊ីរីនោះ ត្រូវវាយរំដោះបានទាំងស្រុងហើយ បន្ទាប់ពីស្ថិតក្រោមការកាន់កាប់របស់ក្រុម ISIS អស់រយៈពេលប្រមាណ០៣ឆ្នាំ និងក្រោយពីកងកម្លាំងប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ បានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការយោធា ដើម្បីរំដោះទីក្រុងនេះ កាលពីថ្ងៃទី២៦ ខែសីហានេះ។
គួរបញ្ជាក់ថា យុទ្ធនាការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីដណ្តើមកាន់កាប់ទីក្រុងខាងលើយកមកវិញ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ជាមួយការចូលរួមពីកងទ័ពអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធ PMU សរុបប្រហែល៤០,០០០នាក់។ ទីក្រុង Tal Afar គឺជាទីជម្រករបស់ប្រជាជនអ៊ីរ៉ាក់ចំនួន៧៥០,០០០នាក់ មុនត្រូវបានក្រុមភេរវករ ISIS ចូលទៅកាន់កាប់កាលពីឆ្នាំ២០១៤៕