(ប៉េកាំង)៖ ចិននាថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារព្រមានយ៉ាងច្បាស់ៗទៅកាន់ គ្រប់ភាគីសំខាន់ៗទាំងអស់ ដែលពាក់ព័ន្ធបញ្ហានៅតំបន់ឧបទ្វីបកូរ៉េថា ខ្លួននឹងមិនអនុញ្ញាតឲ្យសង្រ្គាម ឬមួយក៏ភាពចលាចលកើតមានឡើង នៅខាងមុខទ្វារផ្ទះរបស់ខ្លួនជាដាច់ខាត (ចិនមានព្រំដែនជាប់កូរ៉េខាងជើង) ដែលការប្រកាសនេះ ត្រូវបានធ្វើឡើង នៅចំពោះមុខការតំឡើងសាច់ដុំរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឆ្លើយតបការធ្វើតេស្តមីស៊ីលយ៉ាងគគ្លើនចុងក្រោយបំផុត របស់កូរ៉េខាងជើង ហើយទីក្រុងប៉េកាំង ថែមទាំងបានបញ្ជាក់ទៀតថា តំបន់ឧបទ្វីបកូរ៉េ ពុំមានជាហ្គេមកុំព្យូទ័រ សម្រាប់លេងកម្សាន្តតាមតែចិត្តនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
ថ្លែងក្នុងការធ្វើសន្និសីទសារព័ត៌មានប្រចាំខែ លោក Ren Guoqiang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសង្កត់ធ្ងន់ថា «ទីក្រុងប៉េកាំង នឹងគ្មានថ្ងៃអនុញ្ញាតឲ្យមានសង្រ្គាមឬភាពវឹកវរ កើតឡើងនៅមុខទ្វារផ្ទះរបស់ខ្លួនជាដាច់ខាត»។ ជុំវិញបញ្ហានេះដែរ បន្ទាប់ពីត្រូវបានចោទសួរ អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីថែមទៀតប្រឆាំងនឹងកូរ៉េខាងជើង ដែលជំរុញដោយជប៉ុននិងសហរដ្ឋអាមេរិកនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឆ្លើយតបថា «ស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េ គឺជារឿងដ៏សំខាន់ និងមិនមែនជាហ្គេមកុំព្យូទ័រនោះឡើយ»។
គួរបញ្ជាក់ថា នាថ្ងៃដដែលនេះ អាមេរិកនិងកូរ៉េខាងត្បូង បានរួមគ្នាធ្វើប្រតិបត្តិការតាមផ្លូវការអាកាសមួយ នៅលើតំបន់ឧបទ្វីបកូរ៉េ ដោយចូលរួមពីយន្តហោះចម្បាំង០៤គ្រឿង, យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរធុន B-1B ចំនួន០២គ្រឿង មកពីកោះហ្គាំរបស់សហរដ្ឋអាមេរិក និងយន្តហោះប្រយុទ្ធធុន F-35B ០២គ្រឿង មកពីមូលដ្ឋានទ័ពអាមេរិកនៅឯប្រទេសជប៉ុន រួមទាំងយន្តហោះចម្បាំងធុន F-15K ប៉ុន្មានគ្រឿងទៀត របស់កូរ៉េខាងត្បូង។ ការតំឡើងសាច់ដុំរបស់សម្ព័ន្ធមិត្តទាំងពីរនេះ ត្រូវបានធ្វើឡើង ក្រោយពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមមួយគ្រាប់ រំលងពីលើដែនអាកាសជប៉ុន និងបានឲ្យតំរុយថែមទៀតថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន នឹងនៅបន្តធ្វើឡើងទៀត ដោយមិនឈប់ងាយឡើយ៕