(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកល លោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រជាជនជាអាល្លឺម៉ង់ ៧០,០០០នាក់ ត្រូវបានអាជ្ញាធរគ្រោងជម្លៀសចេញពី​ទីក្រុងហ្វ្រេងហ្វឺត (Frankfurt) ភាគនិរតីប្រទេស បន្ទាប់ពីក្រុមជំនាញបានប្រទះឃើញគ្រាប់បែកចំនួនមួយ គ្រាប់សល់ពីសម័យសង្រ្គាមលោកលើកទី០២ ដែលមានរហស្សនាមថា «blockbuster» នៅក្នុងដីនៃទីលានការដ្ឋានមួយកន្លែង៕

២៖ ប៉ូលិសចិន​បានបើកការ​ស៊ើបអង្កេត ជុំវិញការចោទប្រកាន់​ថ្មីប្រឆាំងនឹង​សេដ្ឋីពាន់លាន​ប្រចាំ​ទីក្រុងញូយ៉ក លោក កូវ វែងគុយ (Guo Wengui) ពីបទរំលោភបំពានផ្លូវភេទ ខណៈ​អ្នកជំនាញខ្លះ​មើលឃើញថា ការចោទប្រកាន់នេះផ្ដើមចេញពី​ជម្លោះនយោបាយ​ច្រើនជាង៕

៣៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងបញ្ចប់ការធ្វើ​សមយុទ្ធយោធា​រួមគ្នា​ទ្រង់ទ្រាយធំ​ប្រចាំឆ្នាំ តាមការ​គ្រោងទុក​នៅថ្ងៃព្រហស្បតិ៍នេះ ខណៈភាពតានតឹង​នៅលើ​ឧបទ្វីបកូរ៉េ កើនឡើង ជាថ្មី​ក្រោយ​កូរ៉េខាងជើង​បាញ់សាកល្បង​មីស៊ីលរំលង​ប្រទេសជប៉ុន៕

៤៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្គាប់ឱ្យ​រដ្ឋាភិបាល របស់លោក​ផ្ដល់ជំនួយជាង ៥លានដុល្លារអាមេរិក ជួយដល់ជន​រងគ្រោះដោយ​សារតែខ្យល់ព្យុះ ហ៊ឺរីខិន ហាវេយ (Havey)៕

៥៖ មនុស្ស០៧នាក់បានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀត​បានរងរបួស នៅក្នុងការវាយប្រហារ​របស់ក្រុមសកម្មប្រយុទ្ធ ទៅលើភូមិ​មួយ​​កន្លែង​ក្នុងក្រុង ម៉ងត (Maungtaw) នៃរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងជើង​ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលប៉ុន្មាន​ថ្ងៃកន្លងទៅ ដែលប្រការនេះបានធ្វើឲ្យ​ចំនួនអ្នកស្លាប់ ដោយសារតែអំពើ​ហិង្សា​ប្រដាប់អាវុធ នៅក្នុងប្រទេសអាស៊ាន មួយនេះ​បានកើនឡើងដល់ ១១៧នាក់៕

៦៖ អគារស្នាក់នៅដ៏ចំណាស់មួយ នៅតាមដងវិថី ផាកម៉ូឌា (Pakmodia) នៃទីក្រុងម៉ុមបៃ ដ៏ធំ​ប្រទេស​ឥណ្ឌាបានរលំចុះមក បណ្តាលឲ្យមានការភ័យស្លន់ស្លោ ខណៈសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់ ៤០នាក់ កំពុងជាប់ខ្លួននៅក្រោមគំនរ​បាក់បែក៕

៧៖ សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន B-1B ចំនួន០២គ្រឿងរួមទាំងយន្ដហោះប្រដេញ F-35B ០៤គ្រឿងទៅហោះឆ្វែលពីលើឧបទ្វីបកូរ៉េជាសារ ព្រមានផ្ញើជូនទីក្រុងព្យុងយ៉ាង សម្រាប់ការបាញ់សាកល្បងរយៈចំងាយមធ្យម Hwasong-12 ហោះរំលងកម្លាចប្រទេសជប៉ុនកាលពីថ្ងៃអង្គារ៕
https://theaviationist.com/wp-content/uploads/2017/03/B-1B-Lancer-with-escort.jpeg