(បរទេស)៖ កាលពី ០៤ឆ្នាំមុន អាចម៍ផ្កាយមួយដុំមានមុខកាត់ប្រវែងប្រហែល ២០ម៉ែត្រ បានហោះធ្លាក់ចូលមកក្នុងបរិយាកាសរបស់ភពផែនដី ដោយពុំមានការដឹងទុកជាមុននោះឡើយ នៅចំពីលើតំបន់ Ural ភាគខាងត្បូងឈាងខាងលិចប្រទេសរុស្ស៊ី ហើយឥទ្ធិពលរបស់វា បានបណ្តាលមនុស្សប្រមាណ ១,៥០០នាក់រងរបួស និងអគាររាប់ពាន់ខ្នងរងការខូចខាត។
អាចម៍ផ្កាយខាងលើមានទម្ងន់ប្រហែល ១៣,០០០តោន ដែលធ្ងន់ជាងប៉មទូអេហ្វែល (Eiffel Tower) របស់ប្រទេសបារាំងទៅទៀត ហើយវាមានថាមពលស្មើនឹងអាវុធនុយក្លេអ៊ែរ ដែលមានកម្លាំងផ្ទុះពី ៤០០ ទៅ ៥០០គីឡូតោន ពោលគឺខ្លាំងជាងគ្រាប់បែកបរមាណូ ដែលទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុនកាលពីសម័យសង្រ្គាមលោកលើកទី០២ ដល់ទៅជាង ៣០ដងឯណោះ។
ប៉ុន្តែដោយសារតែល្បឿនដ៏ល្បឿន (ជិត៧០,០០០គីឡូម៉ែត្រ/មួយម៉ោង) និងរង្វាស់មុំដ៏រាក់ នៅអំឡុងពេលចូលមកកាន់ផែនដីរបស់វា ដុំថ្មអវកាសនេះបានក្លាយជាដុំបាល់ភ្លើង និងបញ្ចេញពន្លឺភ្លឺជាងព្រះអាទិត្យទៅទៀត រួចហើយក៏ផ្ទុះនៅលើទីក្រុង Chelyabinsk ក្នុងអនុតំបន់ Chelyabinsk Oblast នៃប្រទេសរុស្ស៊ី ក្នុងរយៈកម្ពស់ជិត ៣០គីឡូម៉ែត្រពីដី ខណៈបំណែកដុំអាចម៍ផ្កាយចុងក្រោយ បានធ្លាក់ទៅក្នុងបឹង Chebarkul។
អ្នកដែលបានទទួលរងរបួសទាំង ១,៥០០នាក់នោះ គឺដោយសារតែឥទ្ធិពលដោយប្រយោលរបស់អាចម៍ផ្កាយ ជាពិសេសនោះគឺពីព្រោះតែផ្ទាំងកញ្ចក់នៃបង្អួចអគារ ដែលបានបែកនៅពេលអាចម៍ផ្កាយនោះ បានផ្ទុះឡើងនៅលើផ្ទៃមេឃ ហើយបង្កជាកម្លាំង Shock Wave ដ៏ខ្លាំងក្លា។ ក្រៅពីនេះអគារប្រមាណ ៧,២០០ខ្នង នៅក្នុងទីក្រុងចំនួន ០៦ទូទាំងតំបន់កើតហេតុ ក៏បានរងការខូចខាតដោយសារកម្លាំង Shock Wave (រលកសំឡេងផ្ទុះដ៏កក្រើក) នេះផងដែរ ខណៈពុំមានសេចក្តីរាយការណ៍ ពីមនុស្សបាត់បង់ជីវិតនោះឡើយ។
គួរបញ្ជាក់ថា អាមច៍ផ្កាយខាងលើមានប្រភពមកពីខ្សែក្រវាត់អាចម៍ផ្កាយ (Astroid Belt) ដែលស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter)។ ម៉្យាងវិញទៀតនោះ នៅ១៦ម៉ោងក្រោយហេតុការណ៍ខាងលើ អាចម៍ផ្កាយមួយដុំផ្សេងទៀតមានឈ្មោះថា 2012 DA14 ជាមួយមុខកាត់ ៥០ម៉ែត្រ ដែលត្រូវបានព្យាករណ៍ដឹងជាមុន (មិនដូចអាចម៍ផ្កាយ Chelyabinsk ដែលតូចពេក) ក៏បានហោះមកកៀកផែនដីថែមទៀតផង នៅរយៈចម្ងាយប្រហែល ២៧,៧០០គីឡូម៉ែត្រ ពីភពរបស់យើង ក៏ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានអះអាងថា អាចម៍ផ្កាយទាំងពីរនេះ ពុំមានទំនាក់ទំនងនឹងគ្នាឡើយ៕