(រ៉ង់ហ្គូន)៖ មនុស្ស ០៧នាក់ទៀតហើយបានបាត់បង់ជីវិត និង០៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ទៅលើភូមិមួយកន្លែងក្នុងក្រុង ម៉ងត (Maungtaw) នៃរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅ ដែលប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារតែអំពើហិង្សាប្រដាប់អាវុធ នៅក្នុងប្រទេសអាស៊ានមួយនេះបានកើនឡើងដល់ ១១៧នាក់។ នេះបើតាមការអះអាងពីការិយាល័យក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Araka Rohingya Salvation Army (ARSA) ប្រមាណ ៤០០នាក់ ដែលត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសចាត់ទុកជា ក្រុមភេរវករជ្រុលនិយមនោះ បានបើកការវាយលុកទៅលើភូមិ ខុនទៀត (Khon-Tiang) និងសម្លាប់ប្រជាជនរស់នៅទីនោះយ៉ាងសាហាវព្រៃផ្សៃបំផុត ហើយដុតបំផ្លាញផ្ទះសម្បែងរបស់ពួកគេថែមទៀត។ ក្រៅពីអ្នកភូមិដែលបានស្លាប់ និងរងរបួស ជនជាតិដើមចំនួន ០៣នាក់ ក៏កំពុងនៅបន្តបាត់ខ្លួនផងដែរ ខណៈអ្នកផ្សេងទៀតបានរត់ភៀសខ្លួន ទៅកាន់ក្រុង ប៊ូធីដង (Buthidaung) និង Maungtaw ក៏ដូចជាប៉ុស្តិ៍ប៉ូលិសដែលនៅក្បែរនោះ ដើម្បីជ្រកកោន។
គួរបញ្ជាក់ថា អំពើហិង្សាប្រដាប់អាវុធនៅក្នុងរដ្ឋ Rakhine បានបង្ខំឲ្យជនជាតិដើម Rakhine រាប់ពាន់នាក់ភៀសខ្លួន ទៅកាន់ក្រុង Buthidaung និង ស៊ីតថ្វាយ (Sittway) ខណៈស្រ្តីនិងកុមារ មកពីសហគមន៍មូស្លីមនេះ បានភៀសខ្លួនទៅកាន់ព្រំដែនជាមួយបង់ក្លាដែស ខណៈនាពេលថ្មីៗនេះ ក្រុមភេរវករបានបើកការវាយប្រហារ ទៅលើប៉ុស្តិ៍ប៉ូលិសចំនួន ៣០កន្លែង នៅរដ្ឋ Rakhine ភាគខាងជើង កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ដែលហេតុការណ៍នោះ បានផ្តាច់ជីវិតកម្លាំងសន្តិសុខ ១២នាក់ និង មន្រ្តីអន្តោប្រវេសន៍ម្នាក់ ស្របពេលដែលភេរវករប្រហែល ៧៧នាក់បានស្លាប់ និង០២នាក់ត្រូវបានចាប់ខ្លួន។
ដោយឡែកមកទល់ពេលនេះ សកម្មភាពវាយប្រហារជាបន្តបន្ទាប់របស់ក្រុមភេរវករ នៅតែបន្តកើតមានឡើងដដែល ដែលកំពុងតែជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញប្រតិបត្តិការយោធាប្រឆាំងតបតទៅវិញ៕