(ទីក្រុងប៉េកាំង)៖ ប៉ូលិសចិន​បានបើកការ​ស៊ើបអង្កេត ជុំវិញការចោទប្រកាន់​ថ្មីប្រឆាំងនឹង​សេដ្ឋីពាន់លាន​ប្រចាំ​ទីក្រុងញូយ៉ក លោក កូវ វែងគុយ (Guo Wengui) ពីបទរំលោភបំពានផ្លូវភេទ ខណៈ​អ្នកជំនាញខ្លះ​មើលឃើញថា ការចោទប្រកាន់នេះ ផ្ដើមចេញពី​ជម្លោះនយោបាយ​ច្រើនជាង។ នេះបើតាមការ​ចេញផ្សាយ​ព័ត៌មានផ្តាច់មុខ (Exclusive) ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

ថ្លែងប្រាប់ AP ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីចិនពីរនាក់ដែលបានដឹងពីការ​ស៊ើបអង្កេតនេះ បាននិយាយថា ប៉ូលិសចិនកំពុង​ស្នើសុំដីកា​ចាប់ខ្លួនទី០២ ពីប៉ូលិសអាំង​ទែប៉ូល ប្រឆំាង លោក Guo Wengui មានអាយុ ៥០ឆ្នាំ សម្រាប់បទចោទប្រកាន់​រំលោភបំពាន​ផ្លូវភេទ លើអតីតជំនួយការ​ស្រីម្នាក់អាយុ ២៨ឆ្នាំ។ បន្ថែមពីលើ​បទចោទប្រកាន់នេះ រដ្ឋអាជ្ញាចិន​ក៏បានចោទថា មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ​បានប្រព្រឹត្តបទ​ឧក្រិដ្ឋ ១៩ករណីផ្សេងទៀត ក្នុងនោះរួមមាន​ទាំងការចាប់ជំរិត ក្លែងបន្លំ លាងលុយកង្វក់ និងការសូកប៉ាន់​មន្ត្រីស៊ើបការ​ណ៍សំងាត់ចិនម្នាក់​ជាដើម។

ក៏ប៉ុន្តែមកទល់ពេល​នេះ​ លោក Guo Wengui រស់នៅនិរទេស​ខ្លួនក្នុង​សហរដ្ឋអាមេរិក មិនទាន់ធ្វើ​ការអត្ថាធិប្បាយ​អ្វីទេ។ មួយវិញទៀត បើទោះជា​ចិនគ្មានកិច្ចព្រមព្រៀង​ធ្វើបត្យាប័នជាមួយ សហរដ្ឋអាមេរិក​ក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំង​រំពឹងថា ភស្ដុតាងទាំងឡាយ​អាចនឹងជំរុញឱ្យ​ទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការលើការពន្យា​ទិដ្ឋាការរបស់ លោក Guo ដែលគេជឿជាក់ថា នឹងអស់​សុពលភាពនៅ​ខែតុលា​ខាងមុខនេះ៕