(អាល្លឺម៉ង់)៖ ប្រជាជនជាអាល្លឺម៉ង់រហូតដល់ទៅ ៧០,០០០នាក់ ត្រូវបានអាជ្ញាធរគ្រោងជម្លៀសចេញពីទីក្រុង ហ្វ្រេងហ្វឺត (Frankfurt) ភាគនិរតីប្រទេស បន្ទាប់ពីក្រុមជំនាញបានប្រទះឃើញ គ្រាប់បែកចំនួនមួយគ្រាប់ សល់ពីសម័យសង្រ្គាមលោកលើកទី០២ ដែលមានរហស្សនាមថា «blockbuster» នៅក្នុងដី នៃទីលានការដ្ឋានមួយកន្លែង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន The Guardian នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
សារព័ត៌មានបានចេញផ្សាយបន្តទៀតថា ការជម្លៀសមនុស្សបែបនេះ នឹងគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្តង ដែលវាជាបេសកកម្មធំបំផុតមិនធ្លាប់កើតមាននោះឡើយ។ គ្រាប់បែកខាងលើនេះ ត្រូវបានក្រុមជំនាញអះអាងថា ជារបស់ចក្រភពអង់គ្លេស ដែលមានទម្ងន់ ១,៤០០គីឡូក្រាម ដែលវាមានលទ្ធភាពអាចកម្ទេចផ្លូវ ឬអគារជាច្រើនឲ្យរាបដល់ដីតែម្តង។ បច្ចុប្បន្នគ្រាប់បែកនេះកំពុងស្ថិតនៅក្បែរដងវិថី វីសម៉ារើ (Wishmarer) ដែលមានចម្ងាយ ២.៥គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុង Franfurt។
គួរបញ្ជាក់ថា គ្រាប់បែក blockbuster ត្រូវបានប្រទះឃើញកាលពីថ្ងៃអង្គារសប្តាហ៍នេះ អំឡុងពេលនៃការដ្ឋានសំណង់មួយ កំពុងតែដំណើរការសកម្មភាពរបស់ខ្លួន។ ប៉ូលិស និងក្រុមជំនាញត្រូវបានដាពង្រាយជាបណ្តោះអាសន្ននៅទីតាំងនោះ ហើយបច្ចុប្បន្ននេះវាមិនបានបង្កគ្រោះថ្នាក់អ្វីឡើយ។ ប៉ូលិសបានអះអាងថា ដោយសារគ្រាប់បែកខាងលើនេះធំពេក ដូច្នេះមុននឹងយកវាចេញពីទីតាំងនោះ អាជ្ញាធរត្រូវតែជម្លៀសប្រជាជនជុំវិញនោះ ចេញទាំងអស់ជាមុនសិន៕