(ញ៉ូដេលី)៖ ប្រឈមមុខនឹងឥទ្ធិពលរបស់ចិន នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានដាក់ចេញនូវសំណើមួយស្ដីពីផែនការតភ្ជាប់តំបន់អាស៊ី និងអាហ្រិ្វក ឬហៅថា Asia Africa Growth Corridor (AAGC)។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបកំពូលមួយ ទាក់ទិននឹងការអភិវឌ្ឍធនាគារអាហ្រ្វិក កាលពីខែឧសភាកន្លងទៅ ដោយទទួលបានការគំាទ្រ យ៉ាងពេញទំហឹងពីជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកជំនាញ ការចេញមុខគាំទ្រសំណើនេះ គឺទីក្រុងតូក្យូចង់ទទួលបានកិច្ចសហប្រតិបត្តិការពីឥណ្ឌាវិញ នៅក្នុងការទប់ស្កាត់ឥទ្ធិពលនៃកម្មវិធីសេដ្ឋកិច្ច «ខែ្សក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជិនពីង ដែលកំពុងធ្វើឱ្យទីក្រុងប៉េកាំង កាន់តែមានទម្ងន់នៅលើឆាកអន្តរជាតិ។ ក៏ប៉ុន្តែចិនក៏មិនត្រូវមើលរំលងកម្មវិធី AAGC នេះដែរ ខណៈទាំងទីក្រុងតូក្យូ និងញូដេលី សុទ្ធតែមានគោលដៅរួមដូចគ្នា នោះគឺប្រឆាំងឥទ្ធិពលចិន។
គួររំលឹកថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេល លោក Modi បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុង តូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បានសន្យាថា នឹងជួយផ្សព្វផ្សាយលើកកម្ពស់ AAGC ដែលជាផែនការសេដ្ឋកិច្ចមួយ មានគោលបំណងផ្សាភ្ជាប់តំបន់អាស៊ី និងអាហ្រ្វិក ក៏ដូចជា ដើម្បីរក្សាតុល្យភាពឥទ្ធិពលជាមួយចិន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាដើម។
តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះយល់ថា កម្មវិធី AAGC របស់ឥណ្ឌាបានដើរយឺតជាងចិនមួយជំហានទៅហើយ ត្បិតបច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់អាហ្វិ្រកបានទទួលយក ការវិនិយោគពីចិនក្នុងចំនួនទឹកប្រាក់វ៉ុលលានដុល្លារ។ ម្យ៉ាងវិញទៀត ដោយសារតែមេដឹកនាំនៅអាហ្វ្រិក ភាគច្រើនត្រូវបានគេចាត់ទុកថា ជាមេដឹកនាំផ្ដាច់ ដូច្នេះពួកគេចូលចិត្តទទួល យកជំនួយពីចិនជាជាងឥណ្ឌា និងជប៉ុន ពីព្រោះជំនួយរបស់ចិនជាជំនួយគ្មានលក្ខខណ្ឌ ហើយចង់ខ្ចីប៉ុន្មានចិនមិនខ្វល់ដែរ៕