(ម៉ុមបៃ)៖ អគារស្នាក់នៅដ៏ចំណាស់មួយ នៅតាមដងវិថី ផាកម៉ូឌា (Pakmodia) នៃទីក្រុងម៉ុមបៃ ដ៏ធំ​ប្រទេស​ឥណ្ឌាបានរលំចុះមក បណ្តាលឲ្យមានការភ័យស្លន់ស្លោ ខណៈសមត្ថកិច្ចនៅទីនោះបានបញ្ជាក់ថា មនុស្ស​យ៉ាងហោចណាស់ ៤០នាក់ កំពុងជាប់ខ្លួននៅក្រោមគំនរ​បាក់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា អគារខាងលើនេះ​បានរលំកាលពី​វេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុង​ម៉ុមបៃភាគខាងត្បូងប្រទេសឥណ្ឌា ហើយភ្លាមៗ​ក្រុមសង្គ្រោះដែលមានគ្នាប្រមាណ ៤៥នាក់ ត្រូវបានបញ្ជូន​ទៅកាន់កន្លែងកើតហេតុ ដែលស្ថិតនៅក្នុងសង្កាត់ ប៊ីនឌី បាហ្សាអា (Bhindi Bazzar)។

សម្រាប់ព័ត៌មានចុងក្រោយ​បំផុតបាន​បញ្ជាក់ថា មនុស្សទើបតែម្នាក់​ប៉ុណ្ណោះ​ទើបតែត្រូវ​បានទាញចេញ​ពីគំនរអគារ ដោយរូបគេបានបាត់បង់ជីវិត​បាត់ទៅហើយ និង ១០នាក់ទទួលរងរបួស ខណៈក្រុម​សង្គ្រោះកំពុង​ព្យាយាមគាស់​កកាយ​ រកមនុស្សបាត់ខ្លួន​បន្ថែមទៀត៕