(ប៉េកាំង)៖ ព្រឹត្តិការណ៍តាំងពិព័រណ៍ផ្កាស្រស់ដ៏ធំមួយ នឹងចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី០១ ខែកញ្ញា ស្អែកនេះ នៅក្នុងទីក្រុង យិនឈន់ (Yinchuan) នៃតំបន់ស្វយ័ត នីងសៀ ហ៊ុយ (Ningxia Hui) ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ China Flower Expo លើកទី ០៩ ត្រូវបានគេត្រៀមរៀបចំឡើងជាលក្ខណៈសួនច្បារ នៅលើបរិវេណដីយ៉ាងធំធេងជិត ០៥គីឡូម៉ែត្រក្រឡា ក្នុងក្រុង Yinchuan ជាមួយការដាក់តាំងបង្ហាញនូវ ប្រភេទផ្កាស្រស់ដ៏ល្អបំព្រងជាច្រើនប្រភេទ រួមទាំងការរចនា ក៏ដូចជាតុបតែងលម្អដទៃៗផ្សេងទៀត ខណៈវាគឺជាលើកទីមួយហើយដែលការតាំងពិពណ៍បែបនេះ ត្រូវធ្វើឡើងនៅក្នុងតំបន់ភាគពាយ័ព្យប្រទេសចិន។
ព្រឹត្តិការណ៍ China Flower Expo ប្រចាំឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកនេះ រហូតដល់ថ្ងៃទី០៧ ខែតុលា ពោលគឺមានរយៈពេលជាងមួយខែឯណោះ ដើម្បីទុកឱកាសឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើការទស្សនាក៏ដូចជាចូលរួមក្នុងការតាំងពិព័រណ៍ដ៏ធំនេះ៕