(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងចុងក្រោយបំផុតរំលងដែនដីជប៉ុន កូរ៉េខាងជើងបានកាត់បន្ថយចំងាយបាញ់មកនៅត្រឹម ២,៧០០គីឡូម៉ែត្រប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងរបាយការណ៍របស់ខ្លួនដាក់ជូនសភាជាតិ ក្រសួងការពារជាតិបានកត់សម្គាល់ថា មីស៊ីលរយៈចំងាយមធ្យម Hwasong-12 ប្រភេទ IRBM ត្រូវបានបាញ់ចេញពីមុំធម្មតា ប៉ុន្តែកាត់ បន្ថយចំងាយបាញ់ជាងពាក់កណ្ដាល។ ពោលគឺមានន័យថា បើបាញ់ចេញក្នុងចំងាយពេញ វាអាចរត់បាន ៤,៥០០គីឡូម៉ែត្រ ដល់ ៥,០០០គីឡូម៉ែត្រ។ កូរ៉េខាងជើងកាលពីថ្ងៃអង្គារបានបាញ់សាកល្បង មីស៊ីល Hwasong-12 មួយគ្រាប់ចេញពីតំបន់ស៊ូណាន (Sunan) នៃរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅកាន់ភាគឦសានកាលពីវេលាម៉ោងប្រមាណ ៥៖៥៧នាទី ព្រឹកហើយវាបានហោះឆ្លងកាត់ ផ្ទៃមេឃពីលើប្រទេសជប៉ុនជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០០៩មក មុននឹងធ្លាក់ចូលទៅក្នុង ភាគខាងត្បូងមហាសាគរប៉ាស៊ីហ្វិក។ គ្រាប់មីស៊ីលនេះ រត់បានចម្ងាយជាង ២,៧០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់អតិបរមាប្រមាណ ៥៥០គីឡូម៉ែត្រ។
មួយវិញទៀតនេះគឺជាលើកទី ១៣ហើយ ដែលកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលក្នុងឆ្នាំ២០១៧នេះ និងជាលើកទី០៧ គិតចាប់តាំងពី លោក មូន ជែអ៊ីន ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ជាមួយការសន្យាធ្វើប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដើម្បីឈានដល់ការដំណើរការឡើងវិញ នៃកិច្ចចរចា ០៦ភាគី ស្ដីពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង៕