(អាមេរិក)៖ អាចម៍ផ្កាយដ៏ធំមួយមានឈ្មោះថា ហ្វ័ររ៉េនស៍ (Florence) នឹងហោះឆ្លងកាត់ផែនដីនាចុងសប្តាហ៍នេះ (ថ្ងៃទី០១ ខែកញ្ញាពេលវេលានៅឡូសអាន់ជែឡែស ត្រូវហ្នឹងថ្ងៃទី០២ ខែកញ្ញាពេលវេលានៅកម្ពុជា) នៅចម្ងាយប្រហែល ០៧លានគីឡូម៉ែត្រ ពីភពរបស់យើង ពោលគឺស្មើនឹង ១៨ដង នៃគម្លាតពីផែនដីនិងឋានព្រះច័ន្ទ។ នេះបើតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។
មានឈ្មោះជាផ្លូវការ 3122 Florence អាចម៍ផ្កាយខាងលើ គឺជាកម្ទេចកម្ទីរដើមដែលនៅសេសសល់ ពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យ និងជាអាចម៍ផ្កាយដ៏ធំជាងគេបំផុត ដែលនឹងធ្វើដំណើរកៀកនឹងភពផែនដី គិតចាប់តាំងតែពីអង្គការ NASA បានចាប់ផ្តើមតាមដាន ក៏ដូចជាស្វែងរកអាចម៍ផ្កាយ ដែលស្ថិតនៅក្បែរភពផែនដីរបស់យើង។ បើតាមការវាស់វែងពីកែវយឺតអវកាស Spitzer និងបេសកកម្ម NEOWISE របស់ NASA បង្ហាញអាចម៍ផ្កាយ ដែលនឹងមកលេងផែនដី នៅប៉ុន្មានថ្ងៃខាងមុខនេះ មានមុខកាត់ប្រវែងប្រហែល ៤.៤គីឡូម៉ែត្រ។
គួរបញ្ជាក់ថា អាចម៍ផ្កាយ Florence ត្រូវបានរកឃើញជាលើកដំបូង ដោយតារាវិទូអាមេរិក លោក ស្គែលត៍ បាស់ (Schelte Bus) នៅឯទីតាំងឃ្លាំងមើលអវកាស សាយឌីង ស្ព្រីង (Siding Spring) ក្នុងប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ១៩៨១៕